ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ លោកអគ្គលេខាធិការ អ.ស.ប. បានបង្ហាញក្តីសង្ឃឹម យ៉ាងមុតមាំថា ប្រទេសជិតខាងទាំងពីរនឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការសន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក ! 

ចែករំលែក៖

ភ្នំពេញ : ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ លោកអគ្គលេខាធិការ អ.ស.ប. បានបង្ហាញក្តីសង្ឃឹម យ៉ាងមុតមាំថា ប្រទេសជិតខាងទាំងពីរនឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការ សន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមកនេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្តីពីជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ជាមួយលោក  António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ។

សូមបញ្ជាក់ថា, នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០ នៃ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA80) នៅទីក្រុងញូវយ៉ក លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារ ជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀតរបស់កម្ពុជាជាមួយអង្គការសហប្រជាជាតិ។

ក្នុងជំនួបនោះ លោកអគ្គលេខាធិការ អ.ស.ប. បានសម្តែងការកោតសរសើរចំពោះភាពជា ដៃគូដ៏ល្អរវាងអង្គការសហប្រជាជាតិ និងកម្ពុជា ជាពិសេសតួនាទីរបស់កម្ពុជាក្នុងនាមជាប្រទេសដែល ផ្តល់កងម្លាំងថែរក្សាសន្តិភាព និងការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលត្រីភាគី។ លោកបានកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានគូសបញ្ជាក់ពីការចូលរួមប្រកបដោយស្ថាបនា និងការគាំទ្រ របស់កម្ពុជានៅក្នុងដំណើរការពហុភាគី។

ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ លោកអគ្គលេខាធិការ អ.ស.ប. បានបង្ហាញក្តីសង្ឃឹម យ៉ាងមុតមាំថា ប្រទេសជិតខាងទាំងពីរនឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធីតាមរយៈការ សន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក។ លោកបានជម្រាបថា លោកបានប្រាប់ពីកង្វល់របស់ កម្ពុជាទៅសមភាគីថៃ ហើយចង់បានដំណោះស្រាយចំពោះជម្លោះនេះ ព្រោះនៅទីបញ្ចប់ប្រជាជនជា អ្នករងទុក្ខ។

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា កម្ពុជាផ្តល់ទំនុកចិត្តយ៉ាងខ្លាំងចំពោះអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ពហុភាគីនិយម សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ការគ្រប់គ្រងនិងដោះស្រាយវិវាទដោយ សន្តិវិធី ព្រមទាំងការគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោកក៏បានបញ្ជាក់ជាសារជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តផ្តល់ការរួមចំណែកដ៏យ៉ាង សកម្មចំពោះប្រតិបត្តិការថែរក្សាសន្តិភាព និងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមក្នុងបេសកកម្មណា មួយដែលស្នើដោយអង្គការសហប្រជាជាតិ និងរួមចំណែកដល់ជំនួយមនុស្សធម៌ និងប្រយុទ្ធប្រឆាំង ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណឯកឧត្តមអគ្គលេខាធិការ អ.ស.ប. និងបាន ពាំនាំអំណរគុណរបស់ររាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តចូលរួមគាំទ្រដល់ការបន្ថយភាពតានតឹង ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសតាមរយៈសេចក្តីថ្លែងការណ៍ជាវិជ្ជមានរបស់លោកដែល អំពាវនាវឱ្យភាគីទាំងសងខាងឈប់ប្រើប្រាស់កម្លាំង ហើយបានស្នើឱ្យ លោកអគ្គលេខាធិការ បន្ត ប្រឹងប្រែងជួយក្នុងកិច្ចការនេះ។ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាព តានតឹង កសាងទំនុកចិត្តឡើងវិញ និងស្តារប្រក្រតីភាពក្នុងទំនាក់ទំនងរបស់យើងជាមួយប្រទេសថៃ ឡើងវិញ។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា កម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព ។ កម្ពុជាបានឆ្លងកាត់សង្គ្រាមបីទសវត្សរ៍ រួចមកហើយ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ ។ ដូច្នេះ យើងបានយល់ច្បាស់ពីសង្គ្រាម ហើយអ្វីដែលយើងចង់បាន គឺសន្តិភាព ដូចយើងបានធ្វើនៅក្នុងការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print