ខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់៖ លោក សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជាអនុប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានចុះពិនិត្យគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
ក្នុងដំណើរបេសកកម្ម លោកអនុរដ្ឋលេខាធិការ និងក្រុមការងារបានអញ្ជើញចុះពិនិត្យជាក់ស្ដែងគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រចំនួន ២កន្លែង៖
ទី១)គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រអាចាង ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង រួមមាន៖ ជួសជុលថែទាំប្រឡាយមេបេតុងចំនួន១ខ្សែ (LC) ប្រវែងសរុប ១៧ ១០៨ម៉ែត្រ ប្រឡាយមេ ១ខ្សែប្រវែងសរុប ៣ ៥០៣ម៉ែត្រ ប្រឡាយរង១០ខ្សែ ប្រវែងសរុប ៤២ ៩០៨ម៉ែត្រ និងថែទាំសំណង់សិល្បការ្យ (តូច-ធំ) សរុបចំនួន ១០៧កន្លែង ក្នុងនោះរួមមាន សំណង់ទ្វារស្ទាក់ដោះទឹកជំនន់(៥ទ្វារ) និងទ្វារ Stop lock ១ទ្វារ (ទំហំ៥,៩០ម៉ែត្រx៦ម៉ែត្រ) សំណង់បង្ហៀរប្រវែង ៣០ម៉ែត្រ សំណង់ក្បាលហុងចំនួន ១កន្លែង (ទំហំ៣,០៥ម៉ែត្រx២,៧៥ម៉ែត្រ x២សន្លឹក) សំណង់លូឆ្លងចំនួន ៤កន្លែង សំណង់ស្ពានចំនួន ២៣កន្លែង សំណង់លូបញ្ចេញទឹកចំនួន១០កន្លែង សំណង់លូដោះទឹកចំនួន១០កន្លែង និងសំណង់ស្ទាក់ទឹកចំនួន ៥៨កន្លែង។
ទី២)គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ស្ថិតក្នុងឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួមមាន៖ ជួសជុលថែទាំប្រឡាយមេបេតុង ១ខ្សែ(MCC) ប្រវែងសរុប ២០ ៧២៦ម៉ែត្រ ប្រឡាយរង ៨ខ្សែ(SC) ប្រវែងសរុប ៤៧ ៧៧៤ម៉ែត្រ (បេតុងប្រវែង ៦ ៨០២ម៉ែត្រ) និងថែទាំសំណង់សិល្បការ្យ(តូច-ធំ) មានដូចជា សំណង់ស្ទាក់ស្ទឹង Barrage (ទ្វារ ៤សន្លឹក) សំណង់ក្បាលហុងចំនួន ១កន្លែង (ទ្វារ ៤សន្លឹក) សំណង់ស្ពានចំនួន ១៧កន្លែង សំណង់លូបញ្ចេញទឹកស្រោចស្រពចំនួន ១៣៧កន្លែង (ទ្វារ ១០៤សន្លឹក) និងសំណង់ស្ទាក់ទឹក ៤០កន្លែង (ទ្វារ ៦៧សន្លឹក)
ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាននាពេលនេះ ព្រមទាំងបានណែនាំដល់ក្រុមការងារអនុវត្តគម្រោងនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ពិសេសក្រុមការងារបច្ចេកទេសឱ្យបន្តពង្រឹងលើគុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក ប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ និងចូលរួមថែរក្សាប្រព័ន្ធនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕
ដោយ៖តារា