ភ្នំពេញ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានអះអាងថា កាលពីពេលថ្មីៗនេះ បុគ្គលិករបស់ខ្លួនបានប្រទះសត្វចម្លែកមួយក្បាល ដែលគេមិនស្គាល់ ។ សត្វនេះត្រូវបានរកឃើញនៅភ្នំគូលែន ខេត្តសៀមរាប នាខែកញ្ញាកន្លងមកនេះ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានបញ្ជាក់ថា សត្វប្រភេទនេះ ពួកវាមិនមែនជាពស់ ហើយក៏មិនមែនជាដង្កូវនោះទេ ប៉ុន្តែជាប្រភេទសត្វនៃពពួកថលជលិក ពោលគឺជាសត្វដែលអាចរស់នៅក្នុងទឹកនិងលើគោកបាន ដែលត្រូវបានគេស្គាល់ថា ស៊ីស៊ីលៀន។
ប្រភពដដែលបានអះអាងថា សត្វនេះមានតែពីរប្រភេទប៉ុណ្ណោះដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជាយើង ហើយពួកវាទៀតសោតពិតជាកម្ររកឃើញណាស់ ដោយសារតែពួកវាចំណាយពេលភាគច្រើននៃជីវិតរបស់ពួកវានៅក្រោមដី ជាកន្លែងដែលពួកវារកស៊ីដង្កូវ ឬក៏ជន្លេន និងសត្វល្អិតផ្សេងៗទៀតជាចំណី។
ពួកវាចេញមកខាងក្រៅលើដីម្តងម្កាល ប្រហែលជាស្វែងរកគូ ឬរកទីជម្រកល្អជាងមុន ហើយក៏ចេញនៅតែពេលយប់មានភ្លៀងធ្លាក់តែប៉ុណ្ណោះ។ ស្បែករបស់ពួកវាត្រូវរក្សាសំណើមជានិច្ចដើម្បីឱ្យពួកវាដកដង្ហើមបាន ពោលគីពួកវាជាសត្វដែលអាចដកដង្ហើមតាមស្បែកបាន៕ដោយ៖តារា