ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តកំពង់ចាម និងលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តត្បូងឃ្មុំ រួមដំណើរដោយ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារ ទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ អ្នកស្រី ចាន់ រ៉ាឌី អាយុ ២៥ ឆ្នាំ ជាភរិយាវីរយោធិន ជួរមុខទិសប្រាសាទតាក្របីស្លាបឆ្វេង និងគ្រួសារមានកូនភ្លោះ ៣នាក់ មកសម្រាលកូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
លោក អ៊ុន ចាន់ដា និងលោក ប៉ែន កុសល្យ បាននាំយកបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតួនាទី ជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំអោយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា ក៏ដូចជាបណ្តាញការងារគ្រប់ថ្នាក់យកចិត្តទុកដាក់ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងនោះត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង។
គួររំលឹកថា អ្នកស្រី ចាន់ រ៉ាឌី ជាភរិយាវីរយោធិនជួរមុខទិសប្រាសាទតាក្របី ដែលកំពុង បំពេញបេសកកម្ម ការពារបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់នៅសមរភូមិព្រំដែន។ អ្នកស្រីបាន ស្នាក់នៅផ្ទះម្តាយបង្កើត នាភូមិសំពៅផុស ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តក្បូងឃ្មុំ ហើយបាន ប្តីជាវីរកងទ័ពដែលបានច្បាប់ពីអង្គភាព ជូនមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវា សម្រាល និង ថែទាំព្យាបាល ជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្ត ទាំងស្រុង ។
លោក អ៊ុន ចាន់ដា និងលោក ប៉ែន កុសល្យ បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនអ្នកស្រី ចាន់ រ៉ាឌី រួមមាន ម្សៅ ទឹកដោះគោ សម្ភារមាតា ខោអាវទារក ឃីត ស្ត្រី ១ឈុត ផ្លែឈើស្រស់ ២កន្ត្រក និង ថវិកាសរុប ចំនួន ១,៥០០,០០០រៀល និងស្ត្រីសម្រាលបានកូនភ្លោះ៣នាក់ ទទួលបានថវិកា ២.០០០.០០០រៀល៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម