ទីក្រុងម៉ាឡាកា, ប្រទេសម៉ាឡេស៊ី, ក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កាលពីម្សិលមិញនេះ បានរៀបចំជាលើកដំបូង នៅទីក្រុងម៉ាឡាកា ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រទេសម្ចាស់ផ្ទះ និងប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននៅឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក លោកស្រីរដ្ឋមន្ត្រីទេសចរណ៍ និងតំណាងប្រធានស្ថាប័នទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសសង្កេតការណ៍ទីម័រឡេស្តេ និងលោកអគ្គលេខាធិការអាស៊ានផងដែរ។
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានផ្តោតលើកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗចំនួនពីរ គឺ៖ (១) ការអភិវឌ្ឍទេសចរណ៍ដោយឈរលើគោលការណ៍និរន្តភាព ភាពធន់ និងបរិយាបន្ន, និង (២) ការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងសកលលោក ដើម្បីជំរុញកំណើនភ្ញៀវទេសចរនៅក្នុងអាស៊ាន ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីនៅក្នុងពិភពលោកមកកាន់អាស៊ាន។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើបទអន្តរាគមន៍នៅក្នុងប្រធានបទទាំងពីរខាងលើ ដោយបានអំពាវនាវប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនា ត្រូវអនុវត្តសកម្មភាពជាក់ស្តែងរួមគ្នាជាមួយនឹងចក្ខុវិស័យរួម ឈរលើស្មារតីឯកភាពផ្ទៃក្នុងអាស៊ាន និងការបេ្តជ្ញាចិត្តរួមគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់បន្ថែមទៀត សំដៅជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកាន់តំបន់អាស៊ាន។
លោករដ្ឋមន្ត្រី បានគូសរំលេចអំពីសារៈសំខាន់នៃកត្តាសុខសន្តិភាពតំបន់ និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះចាំបាច់ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាព ភាពធន់ និងបរិយាបន្ន។
ជាមួយគ្នានេះ, ការវិនិយោគនៅក្នុងរចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការធ្វើដំណើរឱ្យមានភាពល្អប្រសើររវាងប្រជាជន និងប្រជាជន និងការសម្រួលនីតិវិធីនៃការធ្វើដំណើរនៅក្នុងតំបន់អាស៊ាន និងសកលោក ពិតជាមានភាពចាំបាច់នៅក្នុងការជំរុញកំណើនភ្ញៀវទេសចរ និងរក្សាភាពប្រកួតប្រជែងរបស់អាស៊ាននៅក្នុងតំបន់។
សូមបញ្ជាក់ជូនថា វេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន៕