ភ្នំពេញ ៖ នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណជូន សម្តេចតេជោ ហ៊ុន សែន និងកម្ពុជាដែលបានជួយគំាទ្រដល់ប្រទេសទីម័រខាងកើតបានចូលជាសមាជិកទី១១ របស់អាស៊ានពេញសិទ្ធិនៅខែតុលាខាងមុខនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថាកម្ពុជា-ទីម័រខាងកើតជាមិត្តដ៏ល្អ ដែលបានជួយគ្នានៅគ្រាលំបាក។
លោក ម៉ាកូស ដូស រ៉េហ្ស ដា ខូលតា (Marcos dos Reis da Costa) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះ លោក បានគូសបញ្ជាក់ថាចំណងមិត្តភាពប្រទេសទំាងពីរបានរីកចម្រើនជាលំដាប់។ ថ្នាក់ដឹកនាំប្រទេសទំាងពីរបានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។ ជាពិសេសវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅទីម័រខាងកើតកាលពីខែឧសភាកន្លងមកនេះ បានធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរកាន់តែរឹងមាំឡើង។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក Marcos dos Reis da Costa ដែលត្រូវបានតែងតាំងឯកអគ្គរដ្ឋទូតរបស់ប្រទេសទីម័រខាងកើតប្រចាំនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជា និងទីម័រខាងកើត គឺជាមិត្តដ៏ជិតស្និទ្ធ និងជាដៃគូប្រកបដោយទំនុកចិត្ត។ ប្រទេសទំាងពីរមានបទពិសោធន៍ស្រដៀងគ្នា និងធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ដូចគ្នា។ នៅឆ្នាំ២០២២ ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ដែលកាលនោះមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ដោយបានអនុម័តនូវកិច្ចព្រមព្រៀងជាគោលការណ៍ សម្រាប់ការចូលជាសមាជិកភាពពេញលេញរបស់ទីម័រខាងកើតនៅក្នុងអាស៊ាន។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច ស្រឡាញ់សន្តិភាព ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រទេសជាតិលើកកម្ពស់ជីវភាពពលរដ្ឋជាសំខាន់។ នៅក្រោយការបោះឆ្នោតសកល២០២៣ ដែលជាការបោះឆ្នោតមានលក្ខណៈជាប្រវត្តិសាស្រ្ត មានពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត ហើយជាង៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបន្តទៀត។ ដោយមានការទុកចិត្តពីពលរដ្ឋច្រើនលើសលុបបែបនោះ សម្តេចតេជោ ហ៊ុន សែន បានលះបង់តួនាទី ផ្ទេរការដឹកនាំជូនថ្នាក់ដឹកនាំវ័យក្មេង មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកបដោយចំណេះដឹង ថាមវន្ត និងសីលធម៌ខ្ពស់ ជានាយករដ្ឋមន្រ្តី ដឹកនាំប្រទេសជាតិ បន្ត។
ទាក់ទងនឹងជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជាបានអនុវត្តមធ្យោបាយនៃដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចាទ្វេភាគី ដោយផ្អែកលើយន្តការដែលមានស្រាប់ និងជាពិសេសការគោរពច្បាប់អន្តរជាតិ។ ការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រជាជាតិទាំងពីរគឺចាំបាច់ក្នុងការឆ្ពោះទៅរកការស្ដារឡើងវិញនូវសន្តិភាព និងប្រក្រតីភាព។ កម្ពុជាជំរុញឱ្យមានការដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ានឱ្យបានឆាប់រហ័ស។
លោក ម៉ាកូស ដូស រ៉េហ្ស ដា ខូលតា បានសន្យាថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនេះ នឹងខិតខំធ្វើយ៉ាងណាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។ ឯកឧត្តមបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានតែងតែផ្តល់អាហារូបករណ៍ដល់និស្សិតទីម័រខាងកើតបានមកសិក្សានៅកម្ពុជា។ ក្នុងនាមជាសមាជិកថ្មីរបស់អាស៊ាន ទីម័រខាងកើតនឹងខិតខំបំពេញតួនាទីខ្លំាងក្លាជាទីបំផុត រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ជាមួយកម្ពុជា រួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ចីរភាព និងវិបុលភាព។
សម្តេចប្រធានរដ្ឋសភានិងលោកឯកអគ្គរដ្ឋទូត មានជំនឿមុតមាំថា ទំនាក់ទំនងទ្វេភាគីប្រទេសទំាងពីរ កាន់តែរឹងមាំរីកចម្រើនបន្ថែមទៀត ក្នុងវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ជាដើមនោះ៕
ដោយ ៖ សិលា