ខេត្តកណ្តាល÷ យុវជន ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបាន ក្រោយសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនរបស់ពួកគេត្រូវបានបែក ធ្លាយ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅផ្ទះទុកចោលមួយកន្លែងក្នុងភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់មានឈ្មោះ សឹង កក្កដា ហៅដា ភេទប្រុស អាយុ១៨ឆ្នាំនិង ឈឿន សុភក្ត្រា ហៅភ័ក្ត ភេទប្រុស អាយុ២០ឆ្នាំ។ ជនសង្ស័យទាំងពីរនាក់នេះមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន (+)។ វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៨កញ្ចប់តូច ទម្ងន់ ០,៨០ក្រាម, ទូរសព្ទដៃ ២គ្រឿងម៉ាក iPhoneX ពណ៌សនិង Vivo ពណ៌ទឹកសមុទ្រ រួមទាំង ឧបករណ៍ប្រើប្រាស់ និងថង់វេចខ្ចប់គ្រឿងញៀនមួយ ចំនួន។
លោកអធិការបានបន្តថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អអំពីករណីជួញដូរ និងប្រើប្រាស់គ្រឿង ញៀន កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានចុះទៅដល់ទីតាំងកើតហេតុដើម្បីស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាប។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ រួមទាំងដកហូតវត្ថុតាងបានមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សឹង កក្កដា បានសារភាពថា ខ្លួនបានទិញថ្នាំញៀនម៉ាទឹកកកចំនួន ៨កញ្ចប់តូច ក្នុងតម្លៃ ៨០.០០០រៀលពីមុខសញ្ញាមិនស្គាល់អត្តសញ្ញាណ ហើយលក់បន្តឲ្យឈ្មោះ ឈឿន សុភក្ត្រា ចំនួន ៣កញ្ចប់តូចក្នុងតម្លៃ ៥០.០០០រៀល។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕