ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាតាមដានស្ថានការណ៍នយោបាយ បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះថា៖ ខែថ្មី សូមជូនទស្សនៈថ្មីលើបញ្ហាចាស់ពាក្យ «ស្មោះត្រង់» របស់ថៃ ដូចនឹងជនជាតិថៃយកទង់ជាតិថៃ ទៅដោតនឹងក្បួនឡានដឹកលាមកកន្លងទៅ !
ជាថ្មីម្តងទៀត លោកបណ្ឌិត យង់ ពៅ សូមរំលឹកពី លោក អានុទីន ឆានវីរាក់គុល នាយករដ្ឋមន្ត្រីថ្មោងថ្មីអាយុខ្លី បច្ចុប្បន្ន នាថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញពីចេតនានយោបាយ ចង់លុប MOU ឆ្នាំ២០០០ ស្ដីពីការវាស់វែងខណ្ឌសីមាព្រំដែនគោក និង MOU ឆ្នាំ២០០១ ស្ដីពីតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា នេះបើយោងតាមការផ្សាយដោយកាសែតថៃ The Nation ផ្សាយថ្ងៃ៣០ កញ្ញា ២០២៥។
អ្នកតាមដានស្ថានការណ៍នយោបាយរូបនេះ បានបញ្ជាក់ថា ចំណុចនេះសាធារណៈជនបានទទួលយល់ដឹងរួចហើយតាមរយៈ ទាំងអ្នកជំនាញច្បាប់កម្ពុជា និងថៃ សុទ្ធតែបានបង្ហាញរួចហើយថា MOUឆ្នាំ២០០០ ស្ដីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ និងMOU ឆ្នាំ២០០១ ស្ដីពីតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា មិនអាចលុបចោលដោយច្បាប់ក្នុងស្រុកទេ ព្រោះវាជាសន្ធិសញ្ញាអន្តរជាតិ។
រីឯលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) រដ្ឋមន្ត្រីការបរទេសថៃ កាលពីថ្ងៃអង្គារ ទី៣០ ខែកញ្ញា ដដែលបានអះអាងថា រដ្ឋាភិបាលថៃមិនបិទទ្វារចំពោះការចរចាជាមួយកម្ពុជាក្នុងគោលបំណងដោះស្រាយជម្លោះព្រំដែនដែលអូសបន្លាយយូរមកហើយនោះទេ។ ថ្លែងទៅកាន់សភាក្នុងអំឡុងសេចក្តីសង្ខេបគោលនយោបាយ លោក ស៊ីហាសាក់ បានទទួលស្គាល់ថា ការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរនឹងជាកិច្ចការដ៏លំបាកមួយ ដោយបានបញ្ជាក់ថា យុទ្ធសាស្ត្រត្រូវតែពាក់ព័ន្ធនឹងការបោះជំហានហួសពីជម្លោះដែលមានស្រាប់។
លោកបានសង្កត់ធ្ងន់ថា ខណៈពេលដែលការចរចានាពេលអនាគតនឹងផ្តោតលើការកសាងសន្តិភាព ពួកគេនឹងមិនប៉ះពាល់ដល់បញ្ហាអធិបតេយ្យភាពទឹកដីឡើយ។ រដ្ឋមន្ត្រីរូបនេះបានអះអាងថា ថ្វីដ្បិតតែប្រទេសថៃត្រៀមខ្លួនសម្រាប់ការចរចាក៏ដោយ ក៏ប្រទេសនេះកំពុងរង់ចាំសញ្ញាច្បាស់លាស់នៃការត្រៀមខ្លួនពីភាគីកម្ពុជាផងដែរ។
លោក ស៊ីហាសាក់ បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពបច្ចុប្បន្ន ដោយលើកឡើងពី «បញ្ហាស្មុគស្មាញ» និង «វិធីសាស្ត្រមិនទៀងទាត់» របស់កម្ពុជាថាជាកត្តាដែលធ្វើឲ្យស្មុគស្មាញ។ លើសពីនេះ លោកបានកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជាមិនទាន់បង្ហាញពី «ការស្មោះត្រង់» ឆ្ពោះទៅកាន់ការចាប់ផ្តើមការចរចានៅឡើយទេ។
មកដល់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ សូមឱ្យសាធារណៈជនពិចារណាដោយយឺតៗអំពី របៀបធ្វើការរបស់រដ្ឋបាលក្រុងបាងថៃ ពីជ្រុងនាយករដ្ឋមន្ត្រី ប្រកាសលុប MoU 2000 &MoU 2001 រីឯខាងជ្រុងរដ្ឋមន្ត្រីការបរទេស ចេតនាល្អបើកទ្វារចរចា ប៉ុន្តែចោទរដ្ឋាភិបាលកម្ពុជាមិនទាន់បង្ហាញពី «ការស្មោះត្រង់» ទៅវិញ។
បន្ថែមពីនេះ លោកអគ្គលេខាធិការរូបនេះ យល់ថា «ពាក្យស្មោះត្រង់ របស់ថៃ» ចង់បាន គឺស្មើនឹង «លាមក» ដូចនឹងអ្វីដែលជនជាតិថៃខ្លួនឯងមានបំណងប្រើប្រាស់ជាអាវុធនោះហើយ។ សេចក្តីនេះ លោកចង់បញ្ជាក់ថា ថៃចង់ឱ្យកម្ពុជា ព្រមតាមសំណើនយោបាយប្រកបដោយចេតនាទុចចរិតរបស់ខ្លួន ទាំងអស់ទើបហៅថា ស្មោះត្រង់។
សួរថា តើមានរដ្ឋាភិបាលប្រទេសមួយណា គេព្រមស្មោះត្រង់នឹងថៃ ដោយសុខចិត្តបោះបង់ភាពស្របច្បាប់អន្តរជាតិទាំងឡាយលើបញ្ហាអធិបតេយ្យដែនដីប្រទេសជាតិខ្លួននោះ។ កម្ពុជា រឹតតែមិនអាចធ្វើដូច្នេះបាន។ ថៃ ល្មមឈប់យកទង់ជាតិខ្លួនឯងទៅដោតនឹងក្បួនឡានដឹកលាមកទៀតទៅ !
ដោយ៖ស តារា