ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីនៅហ្វីលីពីន កើនឡើងជិត៧០នាក់ហើយ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃពុធ ទី១ ខែតុលា បានឱ្យដឹងថា ចំនួនអ្នកស្លាប់បានបន្តកើនដល់៦៩នាក់ ក្រោយគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានវាយប្រហារលើ ភាគកណ្ដាលប្រទេស កាលពីយប់ថ្ងៃអង្គារ ហើយបារម្ភថា តួលេខនេះអាចនឹងបន្តកើនឡើងថែមទៀត ស្របពេលដែលក្រុមអ្នកជួយសង្រ្គោះ កំពុងតាមស្វែងរក អ្នកដែលអាចនៅរស់រានមានជីវិត។

តាមការបញ្ជាក់ពីទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក (USGS) គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង ៩៖៥៩នាទីយប់ កាលពីថ្ងៃអង្គារ នៅឯក្បែរទីក្រុង Bogo ជាទីក្រុងមួយមានប្រជាជនរស់នៅ ៩០ ០០០នាក់ និងស្ថិតនៅកោះ Cebu។ អាជ្ញាធរហ្វីលីពីន បាននិយាយថាមកទល់នឹងព្រឹកថ្ងៃពុធនេះ ក្រៅពីមនុស្សស្លាប់ មានជាង ១៥០នាក់ផ្សេងទៀតរងរបួស ហើយអគាររាប់សិបខ្នងរងការខូចខាត។
ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ដោយក្រុមអ្នកជួយសង្រ្គោះនៅក្នុងទីក្រុង Bogo និងព្រមទាំងទីក្រុង San Remigio។ កោះ Cebu គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ នៃប្រទេសហ្វីលីពីន និងមានមនុស្សរស់នៅសរុប៣.៤ លាននាក់។ ទោះបីមានការខូចខាតដោយរញ្ជួយដីក៏ដោយ អាកាសយានដ្ឋានអន្តរជាតិ Cebu ដែលជាច្រកចេញចូលប្រទេសដ៏មមាញឹកបំផុតទី២របស់ហ្វីលីពីន នៅបន្តធ្វើប្រតិបត្តិការជាធម្មតា៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print