ខេត្តប៉ៃលិន ៖ ស្ត្រី៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តប៉ៃលិនឃាត់ខ្លួន ខណៈពួកគេជាមេ ខ្យល់ឆបោកដើរផ្សព្វផ្សាយ និងរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋរាប់រយគ្រួសារ ដើម្បីឲ្យចូលធ្វើការ ងារនៅទីតាំងក្រឡុកស៊ីម៉ង់ត៍ អូររអិល ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនសង្ស័យជាស្ត្រី ៣នាក់នោះរួមមាន ៖
១-ឈ្មោះ សើន ស្រីមុំ អាយុ៤៤ឆ្នាំ ជាកម្មករ ទីលំនៅភូមិអូរតាប្រាង សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន ។
២-ឈ្មោះ ពៅ មិនា អាយុ២៥ឆ្នាំ ជាកម្មករ ទីលំនៅភូមិអូរតាពុក សង្កាត់ទួលល្វា ក្រុង-ខេត្តប៉ៃលិន ។
៣-ឈ្មោះ រស់ សុភាព អាយុ៥៧ឆ្នាំ ជាកម្មករ ទីលំនៅភូមិអូរតាពុក សង្កាត់ទួលល្វា ក្រុង-ខេត្តប៉ៃលិន ។
តាមសេចក្តីរាយការណ៍ឲ្យដឹងថា ព្រលប់ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋរាប់រយគ្រួសារបានភ្ញាក់ផ្អើលនាំគ្នាមករាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានថា មានករណីឆបោក បានកើតឡើង នៅទីតាំងក្រឡុកស៊ីម៉ងត៍អូររអិល ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានជនសង្ស័យមួយក្រុមបានដើរផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដោយពួកគេសន្យាថារកការងារឲ្យធ្វើនៅទីតាំងក្រឡុកស៊ីម៉ង់ត៍ភូមិអូររអិលតែតម្រូវឲ្យបង់ប្រាក់មុន ក្នុង ម្នាក់ចំនួនចាប់ពី៥០.០០០រៀល ទៅ ២០០.០០០រៀល ដើម្បីជាថ្លៃចំណាយផ្សេងៗ ។
ជនសង្ស័យបានដើរឆបោកប្រាក់ពីប្រជាពលរដ្ឋប្រមាណ ៤០០នាក់ ។ លុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការសង្ស័យប្រជាពលរដ្ឋ ២០០នាក់ បាននាំគ្នាទៅដល់ទីតាំងក្រឡុកស៊ីម៉ងត៍អូររអិល ដើម្បីសួរព័ត៌មានពីអ្នកគ្រប់គ្រងនៅទីនោះ ស្រាប់តែបានចម្លើយមកវិញថា មិនមានការងារឲ្យបងប្អូនធ្វើទេ ហើយជនសង្ស័យមួយក្រុមដែលដើរប្រមូលលុយពីបងប្អូនប្រជាពលរដ្ឋ គឺជាជនឆបោកទេ ។
ក្រោយពេលដឹងថា ករណីខាងលើនេះ ជាករណីចាញ់ បោកស្ត្រីមួយក្រុមនោះ ប្រជាពលរដ្ឋបានឃាត់ខ្លួនជន សង្ស័យ ៣នាក់ដែលជាអ្នកដើររៃអង្គាសលុយ ដើម្បីរកការងារឱ្យធ្វើប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕