ភ្នំពេញ ៖ ថ្លែងក្នុងឱកាសអញ្ជើញធ្វើបទបាឋកថា ស្តីពីកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ ជូនសិក្ខាកាមសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា បេតិកភណ្ឌមិនមែនគ្រាន់តែជាអ្វីដែលជាអតីតកាលឡើយ តែជាមូលដ្ឋានធានានូវអនាគតរបស់អ្នកជំនាន់ក្រោយ។ សំណល់ប្រវត្តិសាស្ត្រជាច្រើនបានបន្សល់ទុកដល់បច្ចុប្បន្នជាភស្ដុតាងបញ្ជាក់អំពីស្នាដៃនិងភាពអស្ចារ្យរបស់ដូនតាខ្មែរទាំងរូបី និងអរូបី។ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានលើកយកអំពីការរស់នៅ និងវប្បធម៌ អរិយធម៌រាប់ពាន់ឆ្នាំរបស់ខ្មែរចាប់តាំងពីការកកើតនៃប្រវត្តិសាស្ត្រខ្មែរពីសម័យបុរេប្រវត្តិ ខ្មែរ សម័យហ្វូណនដល់សម័យអង្គរ និងកាតព្វកិច្ចរបស់កូនខ្មែរបច្ចុប្បន្នផងដែរ៕
ប្រភព ៖ ក្រសួងវប្បធម៌
...