ខេត្តសៀមរាប៖ លោក ហេង រតនា ប្រធានអង្គភាពស៉ីម៉ាក់ បានឱ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នេះ ប្រជុំឆ្លងរូបសំណាកផលិតនៅប្រទេសជប៉ុន ដេីម្បីត្រៀមយកមកដាក់តាំងនៅសារមន្ទីរតេជោសន្តិភាពនៅខេត្តសៀមរាប!
អគ្គនាយកស៉ីម៉ាក់រូបនេះ បានបញ្ជាក់ថា សារមន្ទីរតេជោសន្តិភាព មានដាក់បង្ហាញរូបភាព ប្រវត្តិសាស្ត្រសង្គ្រាម រឿងរ៉ាវជនរងគ្រោះដោយសារសង្គ្រាមនិងសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងសំណល់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌសង្គ្រាម ដេីម្បីរំលឹកការចងចាំនៃមរតកសង្គ្រាម និងតម្លៃមហាសាលនៃសន្តិភាព!! ។
គួររម្លឹកថា កាលពីខែកញ្ញា ឆ្នាំ២០២៥ថ្មីៗនេះ លោក ហេង រតនា និងលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជារួមទាំងមន្ត្រីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចពិភាក្សាស្តីពីគម្រោងពង្រឹងមុខងារអង្គភាពស៊ីម៉ាក់ដំណាក់កាលទី២ ដែលមានរយៈពេល៣ឆ្នាំ គឺចាប់ពីខែមីនា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៨ ដើម្បីគាំទ្រអង្គភាពស៊ីម៉ាក់ឲ្យសម្រេចបាននូវផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៦-២០៣៥ ។
សូមជម្រាបថា កំណត់ហេតុនៃគម្រោងនេះគឺស្របតាមយុទ្ធសាស្ត្រ នៃគំនិតផ្តួចផ្តើមសកម្មភាពមីនកម្ពុជា-ជប៉ុន។ គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាព និងពង្រឹងតួនាទីរបស់អង្គភាពស៊ីម៉ាក់ដើម្បីក្លាយជាស្ថាប័នជាតិដែលផ្តល់សេវាសកម្មភាពមីនប្រកបដោយឯកទេស និងវិជ្ជាជីវៈកម្រិតស្តង់ដារសាកល។ គម្រោងនេះក៏ជាធាតុដ៍សំខាន់ក្នុងការលើកកម្ពស់ការចូលរួមរបស់អង្គភាពស៊ីម៉ាក់ក្នុងការបណ្តុះបណ្តាលវិស័យសកម្មភាពមីនដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ការកសាងសមត្ថភាពធនធានមនុស្សប្រកបដោយគុណភាពនិងនិរន្តភាព៕ដោយ៖តារា