ភ្នំពេញ ៖ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ល្បាតក្នងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យកំពុងដើរទើបហៅសួរនាំស្រាប់តែជននោះដកកាំភ្លើងភ្ជង់សមត្ថកិច្ចវិញបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវបេតុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យមានឈ្មោះ ភាច និមល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមើលកូននៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងព្រៃ ស្រុកជលគិរី ខេត្តកំពត ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានចេញល្បាតនៅក្នុងភូមិសាស្ត្រខាងលើ ដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ លុះល្បាតមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងដើរតាមផ្លូវម្នាក់ឯងមានពាក់មួកទាហាន ហើយមានការសង្ស័យបានឃាត់សួរនាំ បន្ទាប់មកជនសង្ស័យខាងលើបាននិយាយថា ពួកឯងមិនបាច់ចាំឆែកឆេរអញទេ ចំណែកកម្លាំងសមត្ថ កិច្ចរឹតតែមានការសង្ស័យខ្លាំងឡើងក៏ឃាត់ឆែកឆេរ នៅពេលនោះដែរស្រាប់តែជនសង្ស័យបានយកកាំភ្លើងជ័រភ្ជង់សមត្ថកិច្ចវិញ ធ្វើឲ្យសមត្ថកិច្ចភិតភ័យដែរ ប៉ុន្តែពេលភ្ជង់ទៅកាំភ្លើងនោះស្រាលទើបសមត្ថ កិច្ចដឹងថា ជាកាំភ្លើងជ័រ ភ្លាមៗកម្លាំងសមត្ថកិច្ចចាប់ជាប់ ហើយបានធ្លាក់ថ្នាំញៀនចេញពីខ្លួនចំនួនមួយកញ្ចប់ បន្ទាប់មកកម្លាំងនគរបាលបាននាំជនសង្ស័យខាងលើទៅសាកសួរបន្ត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ២ ។ ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ អានបន្ថែម នគរបាលហៅឈប់ត្រួតពិនិត្យ បែរជាដកកាំភ្លើងភ្ជង់សមត្ថកិច្ចផ្អើលទាំងយប់