ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៥ នេះមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងបានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លលោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះធ្វេីការបង្រ្កាបឃាត់ខ្លួន យុវជនមួយក្រុមមានគ្នាចំនួន០៥នាក់។
លោកអធិការបានបញ្ជាក់ថា កិច្ចប្រតិបត្តិការឃាត់ខ្លួនក្រុមយុវជនទាំង០៥នាក់នេះធ្វើឡើងបន្ទាប់ពីពួកគេបានធ្វេីសកម្មភាពដោយប្រេីប្រាស់កាំបិតកាប់ទៅលើជនរង គ្រោះជាយុវជនម្នាក់បណ្តាលឱ្យរងរបួសដៃ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៣៣ ស្ថិតក្នុងភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពីឃាត់ខ្លួនយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចពួកគេបានសារភាពថា មូលហេតុដែលនាំទៅដល់ការបង្កហិង្សាបណ្តាលឱ្យរងរបួសបែបនេះគឺដោយសារពេលកន្លងមកពួកគេធ្លាប់មានទំនាស់ដោយពាក្យសំដីជាមួយជនរងគ្រោះទើបពេលនេះពួកគេធ្វើសកម្មភាពបែបនេះឡើង។
បច្ចុប្បន្នក្រុមយុវជនទាំង០៥នាក់រួមជាមួយវត្ថុតាង, កាំបិតកញ្ចែតផ្លែដែកដងឈេី១ដេីមនិងកាំបិតកែច្នៃ ៣ ដេីម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំបញ្ជូនមកផែនជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី៕










