ខេត្តសៀមរាប៖ លោក ហេង រតនា ប្រធានអង្គភាពស៉ីម៉ាក់ និងក្រុមការងារព្រមក្រុមវិស្វករជប៉ុននៃក្រុមហ៊ុនSATO KOGYO នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ បានរៀបចំពិធីបញ្ចប់ការងារចាក់ប៊េតង់ទាំងស្រុងនៅសារមន្ទីតេជោសន្តិភាព ស្ថិតនៅឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប សម្រាប់សំណង់អគាររាងគ្រាប់មីនPMN-2 ដែលអគារនេះមានទំហំផ្ទៃបាត១០៨ម៉ែត្រ គុណនិង ១០៨ម៉ែត្រនិងមានកម្ពស់១៧ម៉ែត្រ ជាអគាររាងគ្រាប់មីនPMN-2ធំជាងគេលេីពិភពលោក។
លោក ហេង រតនា បានគូសបញ្ជាក់ថា អគាររាងគ្រាប់មីនPMN-2នេះជានិមិត្តរូបបង្ហាញឱ្យឃេីញច្បាស់នូវឆន្ទះនិងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ាប្រកបដោយជោគជ័យ។ សមិទ្ធិផលនេះក៏បង្ហាញឱ្យឃេីញនូវស្មារតីរួមគ្នារបស់រដ្ឋភាគីទាំងឡាយដែលបានរួមគ្នាអនុវត្តន៍អនុសញ្ញាអូតាវ៉ាប្រកបដោយការទទួលខុសត្រូវខ្ពស់!។
សូមបញ្ជាក់ថា គម្រោងសាងសង់អគាររាងគ្រាប់មីនPMN-2នេះបានផ្តួចផ្តេីមអនុវត្តតាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ៕ដោយ៖តារា










