អន្តរជាតិ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CCRF បាននិយាយនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥នេះថា៖ កាលពីថ្ងៃទី៣០ខែវិចិ្ឆកា ខណៈពេលចូលរួមកម្មវិធីមួយនៃទីភ្នាក់ងារសារព័ត៌មាន NHK របស់ជប៉ុន ឥស្សរជនជាន់ខ្ពស់ជាច្រើនរូបនៃបក្សប្រឆាំងរបស់ជប៉ុនបានរិះគន់យ៉ាងខ្លាំងចំពោះពាក្យសម្តីខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់ ដោយដាស់តឿនឱ្យលោកស្រីដកពាក្យសម្តីនេះវិញក្នុងពេលឆាប់ៗ ដើម្បីចៀសវាងកុំបំផ្លាញទំនាក់ទំនងរវាងជប៉ុននិងចិនថែមមួយកម្រិតទៀត ។
ប្រធានផ្នែកសង្កេតកិច្ចការនយោបាយនៃបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុនបានថ្លែងថា ការលើកឡើងរបស់លោកស្រី Sanae Takaichi ក្នុងកិច្ចពិភាក្សាដេញដោលក្នុងរដ្ឋសភាបានបង្ហាញពីការយល់ដឹងមិនគ្រប់គ្រាន់ចំពោះសភាពការណ៍ “វិបត្តិស្លាប់រស់”របស់ជប៉ុន ។ លោកបានថ្លែងថា មិនថាមើលពីការកំណត់នៃច្បាប់ពាក់ព័ន្ធនិងបញ្ហាតំបន់តៃវ៉ាន់ក្នុងទំនាក់ទំនងរវាងជប៉ុននិងចិនឬអាកប្បកិរិយាតាំងពីដើមមកនៃរដ្ឋាភិបាលជប៉ុនគ្រប់អាណត្តិអំពីបញ្ហាពាក់ព័ន្ធចាប់ពីជប៉ុននិងចិនស្តារទំនាក់ទំនងផ្លូវទូតជាប្រក្រតីកាលពីឆ្នាំ១៩៧២មក ពាក្យសម្តីរបស់លោកស្រី Sanae Takaichi គឺប្រាសចាកទាំងអស់ ។
លោក Taku Yamazoe ប្រធានគណៈកម្មាធិការគោលនយោបាយនៃបក្សកុម្មុយនីស្តជប៉ុនបានលើកឡើងថា ពាក្យសម្តីរបស់លោកស្រី Sanae Takaichi មិនត្រឹមតែនឹងនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរដល់ជប៉ុនប៉ុណ្ណោះទេ ថែមទាំងក៏ល្មើសនឹងរដ្ឋធម្មនុញ្ញជប៉ុនដែរ វាជាទង្វើមានគ្រោះថ្នាក់ណាស់ ៕ដោយ៖តារា










