ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៦ បានប្រកាសផ្ដល់អាទិភាពសម្របសម្រួលសំណើលើកលែងការទូទាត់សងឥណទានរបស់កងទ័ពជួរមុខជាមុន ដើម្បីលើកទឹកចិត្តដល់យោធិនជួរមុខ កំពុងការពារទឹកដីក្នុងសមរភូមិប្រយុទ្ធ។
ការសម្រេចបែបនេះ បានធ្វើឡើងបន្ទាប់ពីមានការដាក់ពាក្យស្នើសុំការលើកលែងពាក់ព័ន្ធនឹងការទូទាត់សងឥណទានពីអតិថិជនដែលជាកងទ័ព និងជាជនភៀសសឹកកើនឡើងច្រើន ដែលធ្វើឱ្យដំណើរការនៃការសម្របសម្រួលមានការយឺតយ៉ាវពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ធនាគារជាតិ កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទានរហូតដល់ ៨០ លានរៀលរបស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី និងលុបចោលឥណទាន ១០ លានរៀល ចំពោះទាហានពិការនៅក្នុងសមរភូមិ។
ធនាគារជាតិសម្រេចឱ្យលើកលែងកម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន និងលើកលែងការទូទាត់សងការប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦៕
ដោយ៖តារា










