ខេត្តប៉ៃលិន ៖ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីក្មេងទំនើង ២ក្រុម បានបង្កហិង្សាដាក់គ្នា ទៅវិញទៅមក កាលពីវេលាម៉ោងប្រហែល០៦ល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្រះឈូក ក្បែរដីឡូត៌ ផ្សារបុរសឈ្មោះឈាងអ៊ិត ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តែពួកគេបាននាំគ្នាគេចខ្លួនអស់ ទើបភ្លាមនោះកម្លាំង ផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន ចុះទៅដល់កន្លែងកើតហេតុ ក៏ដេញតាមបង្ក្រាបភ្លាមៗ ដោយ ចាប់ឃាត់ខ្លួនបានក្មេងទំនើងទាំងអស់ ចំនួន១០នាក់ ។
លោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បាន ឱ្យដឹងថា ក្មេងទំនើងទាំងអស់ ៖
ទី១. ឈ្មោះ ណាន់ សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងម៉ូតូ ជាម្ចាស់កាំបិត២ដើម និងខ្សែក្រវ៉ាត់ក្បាលដែក ពណ៌ក្រហម ចំនួន១ខ្សែ។
ទី២. ឈ្មោះ វ៉ាន់ វីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងបិតស្គុតម៉ូតូ ជាម្ចាស់កាំបិតផ្គាក់ច្នៃដែកដងវែង ចំនួន១ដើម ទាំងពីរនាក់រស់នៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ទី៣. ឈ្មោះ ចិត្ត ចន្ទ័ត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (បក្ខពួក) ។
ទី៤. ឈ្មោះ ជា បូនី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (បក្ខពួក)។
និងទី៥. ឈ្មោះ ហុង លីហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរច្រាលិច សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (បក្ខពួក)។
លោក យ៉ែន សារិទ្ធ បានបន្តទៀតថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២និង០០នាទីរសៀល កម្លាំងជំនាញបន្តឃាត់បានបក្សពួកចំនួន២នាក់ទៀត ៖
ទី១. ឈ្មោះ រឿន ដារ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (បក្ខពួក)។
ទី២. ឈ្មោះ វុធ សុភា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរច្រាលិច សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (បក្ខពួក)។
ទី៣. ឈ្មោះ យុទ្ធ ភេទប្រុស (បានគេចខ្លួន) ។
លោកបញ្ជាក់ទៀតថា វត្ថុតាង ដែលដកហូតបានរួមមាន ៖
-កាំបិតផ្គាក់ដងឈើចំនួន១ដើម។
-កាំបិតកាចែតដងឈើ ចំនួន១ដើម។
-កាំបិតផ្គាក់ឆ្នៃដែកដងវែង ចំនួន១ដើម។
-ខ្សែក្រវ៉ាត់ក្បាលដែក ពណ៌ក្រហម ចំនួន១ខ្សែ។
-ម៉ូតូចំនួន២គ្រឿង ៖ ១- ម៉ូតូម៉ាកសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ប៉ៃលិន 1D-4688 របស់ឈ្មោះ ចិត្រ ចន្ទ័ត្រា។ ២-ម៉ូតូម៉ាកសង់ ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ប៉ៃលិន1D-2766 របស់ឈ្មោះ ហុង លីហាក់។
រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២និង៣០នាទីរសៀល កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលប៉ៃលិន បន្តទៅឃាត់បក្ស ពួកជម្លោះម្ខាងទៀត បានចំនួន៣នាក់ នៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិសួនអំពៅកើត សង្កាត់/ក្រុង/ខេត្តប៉ៃលិន មានដូចខាងក្រោម ៖
១. ឈ្មោះ ស៊ុន សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាង៉ែនលើ ក្រុងប៉ៃលិន ជាម្ចាស់ដាវដែកកែឆ្នៃ ចំនួន១ដើម។
២. ឈ្មោះ ប៉ែត វណ្ណះ ហៅ តាប់ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសួនអំពៅលិច ក្រុងប៉ៃលិន ជាម្ចាស់ដាវដែកកែឆ្នៃចំនួន១ដើម។
៣. ឈ្មោះ អ៊ីន គឹមលាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាម្ចាស់កាំបិតផ្គាក់ដងដែងកែឆ្នៃដងវែង ចំនួន១ដើម។
៤. ឈ្មោះ ឌី ភេទប្រុស(គេចខ្លួន) ។
វត្ថុតាងដកហូតបានរួមមាន៖
-កាំបិត ចំនួន៣ដើម ប្រភេទកាំបិតផ្គាក់ចំនួន១ដើម និងដាវកែឆ្នៃ ចំនួន២ដើម។
ក្រោយពីធ្វើការសាកសួរ ក្រុមក្មេងទំនើងទាំង២ក្រុម ចំនួន១០នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេ ពិតជាមានជម្លោះជាមួយគ្នានៅក្នុង (group chat) ហើយណាត់កាប់គ្នា នៅចំណុចស្រះឈូក ក្បែរដីឡូត៌ផ្សារ ឈាង អ៊ិត ពិតប្រាកដមែន ។
ករណីខាងលើ ស្នើសុំគោលការណ៍ពីលោកព្រះរាជអាជ្ញា ឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុម ចំនួន១០នាក់ខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋានក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕










