ក្រុងប៉ោយប៉ែត៖ យុវជនខ្មែរម្នាក់ដែលត្រូវយោធាថៃឃាត់ខ្លួន ខណៈចូលទៅកាន់លំនៅដ្ឋានរបស់ខ្លួននៅតំបន់បឹងត្រកួន ត្រូវបានភាគីថៃព្រមដោះលែង និងបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព ក្រោយមានការអន្តរាគមន៍ និងស្នើសុំជាផ្លូវការពីអាជ្ញាធរមូលដ្ឋាន តាមរយៈក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា–ថៃ ប្រចាំតំបន់បឹងត្រកួន នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។
ជនរងគ្រោះមានឈ្មោះ ផល ប៉ោង ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បុរសរូបនេះត្រូវកងកម្លាំងជួរមុខថៃឃាត់ខ្លួន នៅវេលាម៉ោង ០៨:០០ នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចបឹងត្រកួន ខណៈព្យាយាមឆ្លងកាត់របងលួសបន្លា ដើម្បីយកទ្រព្យសម្បត្តិផ្ទាល់ខ្លួននៅក្នុងផ្ទះ ដែលភាគីថៃបានព័ទ្ធរបងលួសបន្លា និងដាក់ទូកុងតឺន័រគ្រប់គ្រង។
ក្រោយការសម្របសម្រួល ភាគីថៃបានបញ្ជូនពលរដ្ឋខ្មែររូបនេះត្រឡប់មកវិញ តាមរយៈច្រកបណ្តោះអាសន្នប្រាសាទត្បែង ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន ពលរដ្ឋរូបនេះត្រូវបានអាជ្ញាធរកម្ពុជាទទួលយកដោយសុវត្ថិភាព ដើម្បីសាកសួរតាមនីតិវិធី និងអនុញ្ញាតឱ្យត្រឡប់ទៅជួបជុំគ្រួសារវិញ៕










