ខេត្តមណ្ឌលគិរី៖ ក្រុមហ៊ុន D.T.C របស់លោកឧកញ៉ា អ៊ឹងស៊ីតាតវរះហៅឧកញ៉ា ល័ក្ខត្រូវបានគេសង្ស័យថា កំពុងនាំប្រេងសាំងគេចពន្ធទាំងយប់ថ្ងៃចូលតាមច្រកអន្តរជាតិដាក់ដាំ ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី។
សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នេះមានរថយន្តស៊ីតែនចំនួន២គ្រឿងមានស្លាកយីហោ ស៊ូគីម៊ិចបានដឹកប្រេងសាំងពេញចេញពីផែស្ងួតរបស់ក្រុមហ៊ុន D.T.C ដែលនៅក្បែរច្រកអន្តជាតិដាក់ដាំយកទៅចែកចាយតាម ស្ថានីយ៍ប្រេងបណ្តាផ្សេងៗទូទាំងប្រទេស។
ពាក់ព័ន្ធព័ត៌មានខាងលើនេះលោក តាន់ ប៊ុនហឿន រដ្ឋបាលក្រុមហ៊ុន D.T.C. បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកមានអាជ្ញាបណ្ណពីអគ្គនាកដ្ឋានគយនិងរដ្ឋាករចំនួន ២៤០តោនក្នុង១ខែ សម្រាប់យកមកចែកចាយក្នុងប្រទេស។ចំណែករថយន្តខាងក្រុមហ៊ុនបានជួលពីក្រុមហ៊ុនស៊ូគីម៊ិច ក្នុងតំលៃ១តោន៤០ដុល្លារក្នុងការដឹកជញ្ជូនយកទៅចែកចាយ។
ទោះបីជាមានការបញ្ជាក់យ៉ាងនេះក៏ដោយ ប្រជាពលរដ្ឋនិងអាជ្ញាធរនៅតែដាក់ការសង្ស័យថា និងមានការត្រូវរ៉ូវជាមួយសមត្ថកិច្ចនៅច្រកដាក់ដាំនេះតែម្តង ជាពិសេសជំនាញគយរដ្ឋាករខេត្តមណ្ឌលគិរីទើបមានការនាំចូលប្រេងទាំងយប់បែបនេះ៕
ដោយ៖ឦសាន