ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា បច្ចុប្បន្ននេះ ការវិវត្តជឿនលឿននៃបច្ចេកវិទ្យាបានជះឥទ្ធិពលទៅលើទម្លាប់នៃការប្រើប្រាស់អុីនធឺណិតរបស់កុមារគ្រប់ៗរូប។ កុមារភាគច្រើនបានជួបប្រទះមាតិកាបំពុល ដែលឆ្លុះបញ្ចាំងអំពីអំពើហិង្សា រូបភាពអាសអាភាស និងការគំរាមកំហែងនៅលើប្រព័ន្ធអុីនធឺណិត (Cyberbullying)។
ជាក់ស្ដែងក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមលើកយកវិធីសាស្រ្តសំខាន់ៗជូនដល់មាតាបិតា និងអាណាព្យាបាលដែលអាចអនុវត្តវិធានការការពារកុលបុត្រកុលធីតាពីមាតិកាមិនសមរម្យនៅលើបណ្តាញអុីនធឺណិត ឬបណ្តាញសង្គមដូចខាងក្រោម ៖
១. ការកត់សម្គាល់លើការរិះគន់រំលោភបំពានតាមបណ្តាញអ៊ីនធឺណិត (Cyberbullying) ៖
កូនរបស់លោកអ្នកអាចជាជនរងគ្រោះនៃ Cyberbullying ដោយលោកអ្នកអាចកត់សម្គាល់អាកប្បកិរិយារបស់កូន ដូចជាការមួម៉ៅ ស្ងៀមស្ងាត់ ឬការលាក់បាំងក្រោយពេលប្រើប្រាស់អុីនធឺណិត។ ក្នុងករណីមានការរំលោភបំពាន អាណាព្យាបាលគប្បីធ្វើការថតទុកជាភស្តុតាង ដើម្បីស្នើសុំឱ្យមានការដោះស្រាយសមស្រប។
២. ការកំណត់វិន័យនៃការប្រើប្រាស់ (Setting Boundaries)៖ កំណត់ទីតាំងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានៅបរិវេណចំហ ចៀសវាងការប្រើប្រាស់ដាច់ដោយឡែកម្នាក់ឯងក្នុងបន្ទប់ និងកំណត់កាលវិភាគប្រើប្រាស់ឱ្យបានត្រឹមត្រូវ។
៣. ការគ្រប់គ្រងលើរបបប្រើប្រាស់ (Parental Controls)៖
• ប្រើកម្មវិធីដូចជា Google Family Link ឬមុខងារផ្សេងៗទៀតដើម្បីកំណត់ពេលវេលាប្រើប្រាស់ និងការដំឡើងកម្មវិធី (App Setting)។
• បើកមុខងារ SafeSearch នៅលើបណ្តាញអុីនធឺណិតដើម្បីច្រោះចេញនូវមាតិកាមិនសមរម្យ ឬប្រើប្រាស់កម្មវិធីសម្រាប់កុមារដូចជា YouTube Kids៕ដោយ៖តារា










