គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ និងស្រុក​កំពង់រោទិ៍​ បានបង្ក្រាប​ចំនួន​ ០៤ទីតាំង​ គឺទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ បានឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ សរុបចំនួន ៧៨នាក់

ចែករំលែក៖

ខេត្តស្វាយរៀង:គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ និងស្រុក​កំពង់រោទិ៍​ បានបង្ក្រាប​ចំនួន​ ០៤ទីតាំង​ គឺទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ បានឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ សរុបចំនួន ៧៨នាក់។

យោងតាមសមត្ថកិច្ចនគរបាលខេត្ត បានអោយដឹងនៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៦នេះថា
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី០៤ ខែ​មិថុនា​ ឆ្នាំ​២០២៦​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ និងស្រុក​កំពង់រោទិ៍​ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​ ដោយមានការសម្របសម្រួលពី​ឯកឧត្ដម​ ខាំ​ សុផារី​ ព្រះរាជអាជ្ញា នៃ​អយ្យការ​អមសាលាដំបូងខេត្ត ចុះ​ធ្វើ​រដ្ឋ​បាល​ ស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ចំនួន​ ០៤ទីតាំង​ នៅ​ក្រុង​បាវិត​ចំនួន​ ០២ទីតាំង​​ និង​ស្រុក​កំពង់រោទិ៍​ចំនួន​ ០២ទីតាំង​ ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ៧៨នាក់ ស្រី ០៧នាក់ (ជនជាតិ​ចិន​ ៥៩នាក់​ ស្រី​ ០១នាក់​,​ ជនជាតិ​វៀតណាម​ ១៩នាក់​ ស្រី​ ០៦នាក់)។

ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One ,​កុំព្យូទ័រ​យួរដៃ​ ,ម៉ូនី​ទ័រ​ ,ធុង​CPU​ ,រថយន្ត​,​ ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​បានក្រុមការ​ងារបិទ​សុីល​ បិទ​ទីតាំង​បណ្ដោះអាសន្ន​ផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print