ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ តម្លៃហាងឆេងមាស បន្តធ្លាក់ថ្លៃចុះមកនៅ ៤៧៨០ ដុល្លារ ក្នុងមួយតម្លឹង ដោយសារតែរងសម្ពាធពីប្រាក់ដុល្លារ និងស្ថានភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកល្អប្រសើរ។
បើតាមនាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities លោក ឡុង សំណាង បានមានប្រសាសន៍ថា តម្លៃមាសប្រែប្រួលឡើងចុះ ដោយសារតែតម្រូវការប្រាក់ដុល្លារ និងគោលនយោបាយហិរញ្ញវត្ថុនៅលើពិភពលោក។
ជាមួយគ្នានេះ លោកបានយល់ឃើញថា៖ «លោក Kevin Warsh ប្រធានធនាគារកណ្ដាលអាមេរិកថ្មី ចង់ដំឡើងអត្រាការប្រាក់ ដោយសារទំនិញនៅសហរដ្ឋអាមេរិកមានការកើនឡើងខ្លាំង ដោយសារជាប់ពន្ធ ឬក៏បញ្ហាមួយចំនួន ធ្វើឱ្យអត្រាអតិផរណាអាចកើតឡើង គេការពារការកើនឡើងអតិផរណា គេនឹងដំឡើងអត្រាការប្រាក់ ប៉ុន្តែចំណុចហ្នឹងបើដំឡើងមែន មាសនឹងធ្លាក់ចុះ»។
បន្ថែមពីនេះ នាយកអភិវឌ្ឍអាជីវកម្មរូបនេះ បានបញ្ជាក់ថា ប្រសិនបើដំឡើងអត្រាការប្រាក់ហើយ មាសមិនធ្លាក់ចុះទៀត អាចនឹងមានការអន្តរាគមរបស់លោក ដូណាល់ ត្រាំ ដោយសារលោកមិនចង់ឱ្យមានការដំឡើងអត្រាការប្រាក់ ដែលធ្វើឱ្យមានឱនភាពនៃការវិនិយោគ។
សូមជម្រាបជូនថា តម្លៃហាងឆេងមាសក្នុងស្រុកនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញលក់ចេញ ៤៨៤ ដុល្លារ ក្នុងមួយជី គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២៦ មិថុនា ២០២៦នេះ៕ដោយ៖តារា










