ខេត្ដកណ្ដាល÷ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ច បង្ក្រាបមានករណីលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន។ ករណីខាងលើនេះកើតហេតុ ថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង១៥:៥០នាទី រសៀល នៅចំណុចភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ ជា ចាន់ថន ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានសារធាតុញៀនក្នុងទឹកនោម(+)ត្រូវបានឃាត់ខ្លួន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៣០នាទី រសៀល មុនពេលកើតហេតុ ជនសង្ស័យកំពុងនៅផ្ទះជួលរបស់ខ្លួន។ ពេលនោះ ឈ្មោះ នី ភេទប្រុស ជាអ្នកធ្វើការសំណង់ជាមួយគ្នា បានជិះម៉ូតូ ម៉ាក Smash V ០១គ្រឿង ពណ៌ខ្មៅ មិនចាំផ្លាកលេខ មកផ្ទះជួលរបស់ខ្លួន។ ពេលនោះខ្លួនឡើង ជិះម៉ូតូជាមួយ ឈ្មោះ នី ចេញពីផ្ទះជួលចេញទៅស្រុក កំណើតរបស់ខ្លួននៅ ឯស្រុកព្រៃកប្បាស ខេត្តតាកែវ ។លុះពេលជិះតាមផ្លូវព្រែកហូរ ស្ថិតក្នុងក្រុងតាខ្មៅ ខេតកណ្តាល ឆ្ពោះទៅព្រលានយន្តហោះថ្មី។ ពេលជិះដល់ផ្លូវព្រលានយន្តហោះថ្មី ម៉ូតូរបស់ ឈ្មោះនី អស់សាំង រួចឈ្មោះនី បានប្រាប់ខ្លួនថាយកម៉ូតូទៅចាក់សាំងសិន ។
ពេលនោះ ឈ្មោះនី ក៏ជិះម៉ូតូទៅបាត់ លុះពេលចាំឈ្មោះ នី មិនឃើញមកវិញ ខ្លួនបានដើរមកតាមផ្លូវ ពេលមក ដល់ចំណុចស្តុបព្រលានយន្តហោះថ្មី បានឃើញ ម៉ូតូ ០១ គ្រឿង មានសណ្តោង រុឺម៉កទុកនៅក្រោមដើមឈើ រួចខ្លួនដើរទៅដេកនៅលើរុឺម៉កមួយសន្ទុះ។ លុះពេលភ្ញាក់ពីដេកវិញខ្លួន (ជនសង្ស័យ)បានធ្វើសកម្មភាព ដោះម៉ូតូចេញពីរុឺម៉ក រួចក៏ផ្ដាច់ខ្សែភ្លើង ហេីយជិះម៉ូតូចេញទៅបានប្រហែល ៥០០ម៉ែត្រ ខ្លួនបានទុកម៉ូតូនោះចោលក្បែរបង រួចបានដើរឆ្លងផ្លូវទៅអង្គុយក្បែរនោះ ប្រហែល២០០ម៉ែត្រ បានមួយសន្ទុះ។
ក្រោយមកខ្លូនបានដើរទៅហូបទឹក ហើយឃើញស្រះមួយមានទឹកថ្លា ហេីយហូបទឹកនៅទីនោះ រួចក៏សម្រាកនៅទីនោះបានមួយសន្ទុះ។ ក្រោយមកខ្លួនបានឃើញមានប្រជាពលរដ្ឋ និងសមត្ថកិច្ចបានដើរមករកខ្លួន ភ្លាមៗនោះ ខ្លួន(ជនសង្ស័យ) បានលោតចូល ក្នុងស្រះនោះ ភ្លាមៗនោះ កម្លាំងប្រចាំការនៅស្តុបគោលដៅព្រលានយន្តហោះថ្មី ក៏បានឃាត់ខ្លួនបានជាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវបញ្ជូនមមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដេីម្បីកសាងសំណុំរឿងបន្ត តាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










