ភ្នំពេញ៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា៖សារៈសំខាន់ នៃការបន្តពង្រឹង គុណភាពព័ត៌មាន គឺក្រមសីលធម៌ និងវិជ្ជាជីវៈដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន និងការវិវត្តនៃសង្គម ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យនិងវាយតម្លៃលទ្ធផលការងារពាក់កណ្តាលអាណត្តិ ចាប់ពីខែសីហា ឆ្នាំ២០២៣ រហូត មកដល់បច្ចុប្បន្ន ព្រមទាំងពិភាក្សារៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅក្រសួងព័ត៌មាន ។
កិច្ចប្រជុំនេះមានគោលបំណងបន្តអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់។ កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ រៀបចំឡើងដោយគណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន នៅសាលចតុម្មុខមង្គល នៃទីស្តីការក្រសួងព័ត៌មាន។ វត្តមានអ្នកចូលរួមប្រមាណជិត៥០០នាក់ រួមមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការងារនេះ។
លោកបានបញ្ជាក់ថា សមិទ្ធផលទាំងនេះកើតចេញពីការលះបង់ ការយោគយល់ កិច្ចសហការគ្នា និងសាមគ្គីភាពជាធ្លុងមួយ។ ទោះបីជាមានការលំបាក បញ្ហាប្រឈម និងឧបសគ្គមួយចំនួនក្តី ក្រសួងបានឈានមកដល់ដំណាក់កាលមួយដែលផ្តល់ក្តីសង្ឃឹម និងជាកម្លាំងចិត្តសម្រាប់បន្តដំណើរទៅមុខប្រកបដោយទំនុកចិត្ត។ រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ត្រូវមានភាពច្បាស់លាស់ ជាក់ស្តែង អាចអនុវត្តបាន និងត្រូវភ្ជាប់ជាមួយគោលដៅរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការបន្តពង្រឹងគុណភាពព័ត៌មាន ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជន និងការវិវត្តនៃសង្គម។ ក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ព្រមទាំងស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន។ កិច្ចប្រជុំនេះគឺជាវេទិកាដ៏សំខាន់មួយសម្រាប់ពិភាក្សា និងកំណត់ទិសដៅអាទិភាព ដើម្បីធានាថាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងបន្តធ្វើទំនើបកម្មវិស័យព័ត៌មានឱ្យសមស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងតម្រូវការរបស់សង្គមកម្ពុជា៕












