ខេត្តព្រះសីហនុ ៖ នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បានចាកចេញពីកម្ពុជានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្រលើកដំបូង រយៈពេល៤ថ្ងៃ នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលំហសមុទ្រ និងចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌា។
ជំនួបការទូត និងមន្ត្រីជាន់ខ្ពស់ ៖ មេបញ្ជាការនាវា INS Kulish បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំស៊ីវិល និងយោធាកម្ពុជា ជាពិសេសឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ។
ពិធីលៀងសាយភោជន៍ផ្លូវការ ៖ ត្រូវបានរៀបចំនៅលើនាវា ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។
សកម្មភាពរួមគ្នា ៖ កងទ័ពជើងទឹកទាំងពីរបានធ្វើការហ្វឹកហ្វឺនរួមគ្នាលើជំនាញសង្គ្រោះការខូចខាត ការពន្លត់អគ្គិភ័យ ការសង្គ្រោះបឋម និងការប្រកួតកីឡាបាល់ទះមិត្តភាព ។
ទស្សនកិច្ចនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយបន្ថែមលើទំនាក់ទំនងយោធាជើងទឹក នៃប្រទេសទាំងពីរ ដែលធ្លាប់បានបញ្ជូននាវាប្រយុទ្ធ និងឆ្មាំសមុទ្រឥណ្ឌាមកទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១២ មក ៕
ដោយ ៖ សិលា










