ខេត្តបាត់ដំបង ៖ អគ្គិភ័យដែលម្ចាស់ផ្ទះអះអាងថា ផ្ដើមចេញពីការទុស្សេខ្សែចរន្តអគ្គិសនី បានលេបត្របាក់យកអស់ផ្ទះមួយខ្នង រួមទាំងទ្រព្យសម្បត្តិផង នៅវេលាម៉ោង១និង៣នាទីរសៀលថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ប៉ុន្តែសមត្ថកិច្ចមិនបានជួយអន្តរាគមន៍ទាន់ពេលទេ ព្រោះមិនបានដឹងតាំងពីដំបូងមក ។
លំនៅឋានដែលត្រូវព្រះអគ្គិលេបយកអស់គ្មានសល់នេះ មានម្ចាស់ឈ្មោះ យេន នឿន ភេទប្រុស អាយុ៥៥ឆ្នាំ ។ ផ្ទះរបស់គាត់ ហាក់ស្ថិតនៅដាច់ស្រយាលបន្តិចពីអ្នកភូមិ ដូច្នេះហើយទើបអ្នកភូមិភាគច្រើនមិនបានដឹង រីឯមន្ត្រីមូលដ្ឋានក៏មិនបានដឹងដែរ នៅពេលអគ្គិភ័យនេះបានកើតឡើង ។
លោក សេង លុច អធិការនគរបាលស្រុកថ្មគោលប្រាប់ថា សមត្ថកិច្ចមិនបានចុះជួយអន្តរាគមន៍ទេ នៅពេលអគ្គិភ័យនេះបានកើតឡើង ព្រោះមន្ត្រីមូលដ្ឋានមិនបាន ដឹងពីដំបូង។ លុះភ្លើងឆេះអស់ ទើបគេរាយការណ៍ប្រាប់ សមត្ថកិច្ច តែលំនៅឋាននោះបានក្លាយជាផេះអស់ទៅហើយ ។ លោកអធិការបានបញ្ជាក់ដែរថា ក្រោយពីទទួលព័ត៌មាននេះ មន្ត្រីបុស្ដិ៍រដ្ឋបាលបានចុះទីសួរនាំម្ចាស់ ផ្ទះអំពីមូលហេតុដែលនាំឲ្យកើតមានអគ្គិភ័យនេះ ហើយម្ចាស់ផ្ទះបានទទួលស្គាល់ថា អគ្គិភ័យនេះ បានផ្ដើមចេញពីទុស្សេខ្សែភ្លើង ដែលគាត់បានចងផ្ដុំគ្នា ។
ប៉ុន្តែយ៉ាងណា បើតាមម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា ក្រៅពីអស់ផ្ទះមួយច្នង ទ្រព្យសម្បត្តិទាំងអស់ក៏គ្មានសេសសល់ដែរ តែសំណាងល្អពុំមានគ្រោះថ្នាក់ដល់កូនចៅដែលមានសមាជិករហូតដល់ទៅ០៥នាក់ឯណោះ ៕
ដោយ៖ សុរិយា










