ក្មេង​ប្រុស​ស្រី​២​នាក់​ដើរ​ស្រែកយំ​ពេញ​ផ្លូវ​វង្វេងរក​ឪពុក​ម្តាយ​ត្រូវ​សមត្ថកិច្ច​ប្រទះ​ឃើញ​នាំ​យក​មក​ប៉ុ​ស្ពិ៍​ដើម្បី​ថែរក្សា​

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេង​ប្រុស​ស្រី​២​នាក់​ ដើរ​វង្វេង​ពេញ​ផ្លូវ​ ហើយ​ស្រែកយំ​រក​ឪពុក​ម្ដាយ​ ត្រូវ​សមត្ថកិច្ច​ប្រទះ​ឃើញ​ ក៏​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​វាលវង់​ ដើម្បី​មើលថែ​ និង​សួរនាំ​រក​ឪពុក​ម្តាយ​ កាលពី​វេលា​ម៉ោង​ ៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​ ៧​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវ​លេខ​១៦៩​ ស្ថិត​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ ។​ ​ ​

c1

តាម​ប្រភព​ពី​មន្ដ្រី​នគរបាល​ប៉ុស្តិ៍​វាលវង់​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ខណៈ​ដែល​កម្លាំង​នគរបាល​កំពុង​តែ​ជិះ​ល្បាត​នៅ​តាម​ដងផ្លូវ​ ដើម្បី​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន​ ស្រប​ពេល​ដែល​មេឃ​កំពុង​តែ​ភ្លៀង​ផង​នោះ​ ក៏​ស្រាប់តែ​ឃើញ​ក្មេង​ប្រុស​ស្រី​២​នាក់​ ដោយ​មិន​មាន​ស្លៀក​សម្លៀក​បំពាក់​នៅ​នឹង​ខ្លួន​ បាន​ដើរ​នៅ​តាម​ដងផ្លូវ​ ហើយ​ស្រែកយំ​ទំនង​ដូច​ជា​មានការ​វង្វេង​ពី​ឪពុក​ម្តាយ​ ទើប​កម្លាំង​នគរបាល​បាន​នាំ​ក្មេង​ប្រុស​ស្រី​ ទាំង​២​នាក់​នោះ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​វាលវង់​ ដើម្បី​ថែរក្សា​បណ្ដោះអាសន្ន​ និង​សួរនាំ​រក​ឪពុក​ម្តាយ​វិញ​ ។​ ​

ក្រោយ​ពី​សមត្ថកិច្ច​បាន​នាំ​ក្មេង​ទាំង​២​នាក់​នោះ​ទៅ​បុ​ស្ដិ៍​ហើយ​ ហើយ​បាន​ព្យាយាម​សួរនាំ​ពួក​គេ​ ប៉ុន្តែ​ពួក​គេ​ពុំ​ឆ្លើយ​តប​ ហាក់ដូចជា​មានការ​ភ័យ​ខ្លាច​ មិន​មាត់​មិន​ក​អ្វី​នោះ​ទេ​។​ ​ ​

នគរបាល​មាន​សមត្ថកិច្ច​សូម​ប្រកាស​ ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ឪពុក​ម្តាយ​ដែល​បាន​បាត់​កូនប្រុស​ស្រី​ ២​នាក់​ខាងលើ​ សុំ​មក​ទាក់ទង​នៅ​ប៉ុស្តិ៍​នគរបាល​វាលវង់​ ព្រោះ​បច្ចុប្បន្ន​ត្រូវ​បាន​អង្គការ​មិត្តសម្លាញ់​យក​ទៅ​ថែទាំ​បណ្តោះអាសន្ន​សិន​ រង់ចាំ​ឪពុក​ម្តាយ​និង​សាច់ញាតិ​មក​ទទួលយក​វិញ​ ៕​

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print