ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានតម្កល់បទចោទប្រកាន់លើលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ទុកជាបានការដដែល ។ បទចោទប្រកាន់ចំនួន៣បទល្មើសដែលតុលាការចោទប្រកាន់លើលោក ហុង សុខហួរ អាចធ្វើឲ្យជនជាប់ចោទជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំទៅ១០ឆ្នាំ ។
សាលាដំបូងរាជធានីភ្នំពេញ នៅពេញមួយថ្ងៃទី២៦ ខែតុលា បានលើកយកសំណុំរឿងលោក ហុង សុខហួរ មកបើកសវនាការជំនុំជម្រះ ដោយមានលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក សៀង សុខ ជាតំណាងអយ្យការ ។
លោក ហុងសុខហួរ ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់ លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះ។
នាពេលសវនាការ លោក សៀង សុខ ជាតំណាងអយ្យការ បានសន្និដ្ឋានតម្កល់បទចោទប្រកាន់ចំនួនបីបទល្មើសទុកជាបានការដដែល ។
ទោះបីយ៉ាងណា ក្រុមមេធាវីការពារក្ដីលោក ហុង សុខហួរ បានសន្និដ្ឋានស្នើឲ្យមានការទម្លាក់ការចោទប្រកាន់នេះចោលទៅវិញ ។
ជោគវាសនាលោក ហុង សុខហួរ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ ប្រកាសនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខនេះ ៕
ដោយ៖ ចេស្តា