ខេត្តស្ទឹងត្រែង៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ក្បែរចិញ្ចើមថ្នល់ ដោយគេសង្ស័យថាត្រូវរថយន្តបុកខណៈដែលដើរឆ្លងថ្នល់រួចអ្នកបើករថយន្តបើកគេចខ្លួនបាត់។
ករណីខាងលើនេះត្រូវបានគេប្រទះឃើញសាកសពស្ត្រីរងគ្រោះនៅវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ក្បែរបង្គោលគីឡូ៤៧៧ លើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិ-ឃុំស្រែឫស្សី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។
បើតាមអ្នកភូមិអះអាងថាស្ត្រីរងគ្រោះ ជាមនុស្សមានមិនសូវគ្រប់និងតែងតែដើរឆ្លងផ្លូវចុះឡើងនិងគ្មានគោលដៅពិតប្រាកដ។ មានន័យថាដល់កន្លែងណាសម្រាក់នៅកន្លែងនោះ។
លោក សែន ស៊ីថា អធិការស្រុកថាឡាបរីវ៉ាត់បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះម៉ី សាវ៉ន អាយុ៥០ឆ្នាំ មានទីលំនៅភូមិអូរដ្រល ឃុំថាឡា ស្រុកថាឡាបរីវ៉ាត ខេត្តស្ទឹងត្រែង។
លោកអធិការបានសន្និដ្ឋានថា ស្ត្រិរងគ្រោះស្លាប់ដោយសាររថយន្តបុកខណៈដែលស្ត្រីរងគ្រោះដើរឆ្លងថ្នល់។ ការដែលលោកសន្និដ្ឋានបែបនេះ ព្រោះនៅជិតស្ត្រីរងគ្រោះមានស្នាមកង់រថយន្ត ហើយស្នាមដាច់ស្លឹកត្រចៀក និងបែកក្បាលក៏មានជាប់ស្នាមកង់ផងដែរ។
បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យវិច័យបានប្រគល់ឲ្យអាជ្ញាធរមូលដ្ឋាន ដើម្បីទំនាក់ទំនងក្រុមគ្រួសារស្ត្រីរងគ្រោះមកទទួលយកសាកសព៕
ដោយ៖ មាស សុផាត