ទប់ស្កាត់ពលករខ្មែរបម្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃតាមច្រករបៀងណងច័ន្ទនិងច្រកចំការគ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ​ពលករខ្មែរប្រុសស្រីចំនួន២៦នាក់ធ្វើដំណើរតាមរថយន្តតាក់ស៊ី២គ្រឿងមកពីខេត្ត សៀមរាបបម្រុងចេញឆ្លងដែនខុសច្បាប់តាមច្រករបៀងណងច័ន្ទ និងច្រករបៀងចំការគទៅរកការងារធ្វើនៅប្រទេសថៃត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត សហការនិងនគរបាលប៉ុស្ថិ៍រដ្ឋបាលអូរបីជាន់ និងនគរបាលប៉ុស្ថិ៍ការពារព្រំដែនលេខ៩១១ ឈរជើងនៅឃុំអូរបីជាន់ធ្វើការទប់ស្កាត់មិនឱ្យឆ្លងដែនខុសច្បាប់ទាំងប្រថុយឋាននោះឡើយ ។

សមត្ថកិច្ចទប់ស្កាត់ពលករខ្មែរទាំងនោះធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ការចាកចេញឆ្លងដែនខុសច្បាប់របស់ពលករខ្មែរត្រូវគេមើលឃើញថានៅតែបន្តកើតមានជាដដែលទោះបីកម្លាំងសមត្ថកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ការឆ្លងដែនរបស់ពលករខ្មែរតាមច្រករបៀងត្រូវគេនិយាយថា បើមិនមានការឃុបឃិតគ្នាពីសំណាក់សមត្ថកិច្ចការពារព្រំដែននោះទេគឺពលករទាំងនោះ មិនអាចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃបាននោះឡើយ ។

ការចាកចេញឆ្លងដែនខុសច្បាប់ត្រូវបានពលករទាំងនោះប្រាប់ឱ្យដឹងថាបានបង់ប្រាក់ឱ្យសមត្ថកិច្ចការពារព្រំដែនទាំងភាគីខ្មែរនិងថៃ។ ការទបស្កាត់ នោះដែរត្រូវគេនិយាយថាមិនអាចធ្វើទៅបានជោគជ័យនោះទេ បើសិនសមត្ថកិច្ចការពារព្រំ ដែននៅតែបន្តបើកដៃឱ្យពលករខ្មែរចាកចេញឆ្លងដែនជាថ្នូរនិងការបង់ប្រាក់ ។

ការឆ្លងដែនខុសច្បាប់ទៅប្រទេសថៃរបស់ពលករខ្មែរនោះដែរក៏ត្រូវគេនិយាយថាពលករខ្មែរប្រឈមនិងបញ្ហា គ្រោះថ្នា្កក់ដល់អាយុជីវិតដោយប្រការផ្សេងៗដូចជាត្រូវទាហាថៃបាញ់សម្លាប់ និងចាប់ដាក់គុកធ្វើ ទារុណកម្ម ចាញ់បោកមេខ្យល់កេងកម្លាំងពលកម្ម និងការជួញដូរមនុស្សទៅប្រទេសទី៣ជាដើម ។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី១១ ខែសីហា ម្សិលមិញមានពលករខ្មែរចំនួន ១៣នាក់ត្រូវតម្រួតថៃដោះលែងឱ្យត្រឡប់មកប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយពីតម្រួតថៃចាប់ដាក់គុកពីបទការឆ្លងដែនខុសច្បាប់កាលពី២ខែកន្លងទៅនេះដោយសារពលកទាំង១៣នាក់នោះចាញ់បោកមេខ្យល់ ។

​ពលករដែលសមត្ថកិច្ចធ្វើការទប់ស្កាត់ប្រាប់ដឹងថាពួកគាត់ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃគឺធ្វើការងារជាកម្មកចំការ ដោយបម្រុងឆ្លងដែនតាមច្រករបៀងណងច័ន្ទក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ និហច្រករបៀងចំការគ ក្នុងភូមិសាស្រ្តស្រុកស្វាយចេក បង់ប្រាក់ឱ្យទាហាន ការពារព្រំដែនខាងខ្មែរក្នុងម្នាក់៥ពាន់រៀល បង់ប្រាក់ឱ្យទាហានថៃក្នុង១ម្នាក់១ម៉ឺនរៀល ។

ពាក់ព័ន្ធទប់ស្កាត់ពលករខ្មែរខាងលើ លោកវរសេនីយ៍ត្រី ឡាយ គឹមលួន នាយ ការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តប្រាប់ឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបានដាក់ចេញផែនការដល់កម្លាំងការិយាល័យជំនាញត្រូវសហការនិងកម្លាំងនគរបាលតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ត្រូវមានវិធានការទប់ស្កាត់ពលករខ្មែរឆ្លងដែនខុសច្បាប់ឱ្យមានប្រសិទ្ធភាព ដើម្បីការពារអាយុជីវិតនិងបញ្ចៀសបញ្ហាប្រឈមដែលកើតឡើងចំពោះពលករខ្មែរដោយយថាហេតុណាមួយ ។

ពលករខ្មែរប្រុសស្រីទាំង២៦នាក់ខាងលើបន្ទាប់ពីសមត្ថកិច្ចឱ្យធ្វើកិច្ច សន្យានិងអប់រំឱ្យពួកគាត់បញ្ឆប់ការឆ្លងដែនខុសច្បាប់ សមត្ថកិច្ចក៏បានដោះលែងឱ្យពលករ ទាំងនោះវិលត្រឡប់ទៅស្រុកកំណើតវិញ ៕

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print