ភ្នំពេញ៖ យ៉ាងហោចណាស់មានតារាសម្តែងល្បីឈ្មោះរបស់សិង្ហបូរីជាង២០រូបនឹងត្រូវបានដាក់ឲ្យអ្នកគាំទ្រនៅកម្ពុជាធ្វើការបោះឆ្នោតដើម្បីស្វែងរកម្ចាស់ជ័យលាភីទទួលពានរង្វាន់ដែលនឹងប្រគល់នៅកម្ពុជាផ្ទាល់។ កម្មវិធីនេះលើកដំបូងនេះមានឈ្មោះថា“ពានរង្វាន់តារាឯកសាំងហ្គាពួរ”ត្រូវបានរៀបចំដោយទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ(PPCTV) បានសហការជាមួយក្រុមហ៊ុន MediaCorp របស់ប្រទេសសិង្ហបូរី ។
ប្រធានគ្រប់គ្រងកម្មវិធីខាងលើលោក ជាម គុណធី បានបញ្ជាក់ថានេះជាកម្មវិធីធំ នៅប្រទេសគេមិនមែនជាលើកទី១ តែសម្រាប់ប្រទេសយើង គឺជាលើកទី១ អត់ដែលមានខាងបរទេសណាមកធ្វើទេ ហើយយើងជាអ្នកធ្វើមុនគេ ដោយសហការជាមួយ MediaCorp។ លោកបញ្ជាក់ថាហេតុផល គឺដោយសារសិល្បៈយើងមានការរីកចម្រើនហើយយើងចង់ផ្ដល់ជូនអារម្មណ៍ខុសប្លែកទស្សនិកជនដែលគាំទ្រតារាសិង្ហបូរី ។
ទូរទស្សន៍ PPCTV បានប្រកាសថ្មីៗនេះ ពីការរៀបចំកម្មវិធីខាងលើ ដោយបាននាំយកតារាល្បីៗរបស់សិង្ហបុរីទាំងប្រុសទាំងស្រីប្រមាណជាង ២០រូបមកដាក់ឲ្យទស្សនិកជនកម្ពុជាធ្វើការបោះឆ្នោតឈានទៅទទួលពានរង្វាន់ចំនួន៩ផ្នែក(១ផ្នែកមាន៥ជ័យលាភី)ផ្សេងគ្នា។ មានពានជាច្រើនផ្នែកនឹងត្រូវបានប្រគល់ជូនតារាសម្តែងសិង្ហបូរីនៅចុងឆ្នាំនេះមានដូចជាពានរង្វាន់តារាឯកប្រុសនិងតារាឯកស្រីក្នុងដួងចិត្ត,ពានរង្វាន់តារាឯកប្រុស តារាឯកស្រីឆ្នើម,ពានរង្វាន់តារាគូស្នេហ៍ក្នុងភាពយន្ត, ពានរង្វាន់តារាក្នុងក្តីស្រមៃ,ពានរង្វាន់តារារងប្រុស និងតារារងស្រីក្នុងដួងចិត្តជាដើម។ ព្រឹត្តិការណ៍នេះ មន្ត្រីគម្រោងអះអាងថា នឹងជាឱកាសពិសេសមួយ សម្រាប់សិល្បករខ្មែរបានជួបដកស្រង់ជាមួយតារាអន្តរជាតិលើកម្រាលព្រំក្រហម។ប្រធានគ្រប់គ្រងខាងលើបង្ហើបថាសិល្បករ សិល្បការិនីខ្មែរល្បីៗជាច្រើនរូបនឹងមានវត្តមានក្នុងវិធីមួយនេះបើទោះបីជាពួកគេមិនមែនទៅទទួលបានពានក្តី ។
លោក ជាម គុណធី បញ្ជាក់ទៀតថា ពួកលោកព្យាយាមធ្វើឲ្យកម្មវិធីមួយនេះក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយក្នុងប្រទេសកម្ពុជា និងសង្ឃឹមថាទទួលបានជោគជ័យ។ “ពានរង្វាន់តារាឯកសាំងហ្គាពួរ” ឬ“PPCTVMEDIACORP AWARDS “ នឹងប្រារព្ធពិធីប្រគល់រង្វាន់ចុងក្រោយនៅថ្ងៃទី២៨ ខែ វិច្ឆិកា ២០១៥ ។ ប៉ុន្តែការបោះឆ្នោតគាំទ្របេក្ខភាពទាំងអស់នឹងចាប់ផ្ដើមពីថ្ងៃទី០១ កញ្ញា ខាងមុខដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥។ លោក ប្រាប់ថា ប្រិយមិត្តអាចចូលរួមបោះឆ្នោតបានតាមរយៈគេហទំព័ររបស់កម្មវិធីwww.ppctvawards.comនិងផ្ញើសារSMS ពីទូរស័ព្ទដៃ ហើយពួកគេអាចមានឱកាសឈ្នះរង្វាន់ជាច្រើន និងសំបុត្រចូលទស្សនាកម្មវិធីដោយផ្ទាល់នៅសាលមហោស្រពកោះពេជ្រ ៕
ដោយ៖ វឌ្ឍនា