អ្នកឯកទេសវិភាគបានបញ្ចាក់ថាកូរ៉េទាំងពីរអាចប្រឈមនឹងសង្គ្រាមទ្រង់ទ្រាយធំកើតឡើងសាជាថ្មី ទើបអាចបង្រួបបង្រួមកូរ៉េទាំងពីរឲ្យទៅជាមួយបាន ដូចអ្វីដែលអាមេរិកនិងកូរ៉េខាងត្បូងបានគិតគួរជាច្រើនទសវត្សកន្លងមក។ ទាំងនោះហើយបានជាអាមេរិកនិងកូរ៉េខាងត្បូងមិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាបដោយចុះកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ ដូច្នេះសង្គ្រាមបង្រួបបង្រួមបងប្អូននឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ ។
ក្នុងការផ្ទុះអាវុធដាក់គ្នានៅតាមព្រំដែនជាថ្មីនាពេលនេះកម្លាំងទាហានប្រទេសទាំងពីរបានបង្កើនវត្តមានជាច្រើននៅព្រំដែនដោយមានកាំភ្លើងធំជាច្រើនទៀតផង។ មិនត្រឹមតែប៉ុណ្ណោះមេដឹកនាំប្រទេសទាំងពីរក៏បានកោះប្រជុំមន្ត្រីយោធាជាទ្រង់ទ្រាយធំដើម្បីចាត់វិធានការ យុទ្ធសាស្ត្រ ក្នុងការទប់ទល់និងវាយបកវិញ។ មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនក៏បានកោះប្រជុំមន្ត្រីយោធាសំខាន់ៗក្រោយហេតុការផ្ទុះអាវុធនៅព្រំដែន ។
ស្ថានភាពនៅឧបទ្វីបកូរ៉េនាពេលនេះធ្វើឲ្យពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង បើភាគីទាំងពីរគ្មានការអត់ធ្មត់ទេនោះសង្គ្រាមឆ្នាំ១៩៥០ -១៩៥៣ នឹងត្រូវផ្ទុះឡើងជាថ្មីមិនខានហើយមាទ្រង់ទ្រាយធំជាងមុនទៅទៀត ដែលអាចកំណត់ជោគវាសនាកូរ៉េទាំងពីរ។ បើមើលស្ថានភាពយោធានិងមេដឹកនាំប្រទេសទាំងពីរដូចជាមិនមានការអត់ធ្មត់នឹងគ្នាឡើយ បានបញ្ចាឲ្យកម្លាំងទាហានជួរមុខត្រៀមខ្លួនធ្វើសង្គ្រាមជាទ្រង់ទ្រាយធំ ។
ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានបញ្ចាក់ថា ទីក្រុងព្យុងយ៉ាងបានធ្វើការជម្លៀសពលរដ្ឋនៅតាមព្រំដែន ហើយថែមទាំងបញ្ចូនកាំជ្រួចមីស៊ីុលទៅកាន់ព្រំដែនទៀតផងត្រៀមវាយប្រហារទៅលើទីក្រុងសេអ៊ូល។ ចំណែងរដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានបញ្ចាកងទ័ពត្រៀមទប់ទល់និងវាយបកអោយបានរហ័សបំផុតបើមានការផ្ទុះអាវុធណាមួយកើតឡើង ។
តាមទ្រឹស្តី កូរ៉េខាងជើងនិងខាងត្បូង ជាប្រទេសមានសង្គ្រាមនឹងគ្នានៅឡើយទេ។ ជម្លោះរវាងបងប្អូនបង្កើតគូសត្រូវនឹងគ្នា ត្រូវបានបិទបញ្ចប់ដោយការព្រមព្រៀងឈប់បាញ់ មិនមែនដោយសន្ធិសញ្ញាសន្តិភាពទេ។នៅឆ្នាំ១៩៥៣ សេអ៊ូលនិងព្យុងយ៉ាងបានចុះហត្ថលេខាលើបទឈបបាញ់ និងបង្កើតជាតំបន់គ្មានកងទ័ពឡើយ។តំបន់គ្មានកងទ័ព ដែលមានប្រវែង២៥០គីឡូម៉ែត្រ ទទឹង៤គីឡូម៉ែត្រ គូសខណ្ឌចែកកូរ៉េទាំងពីរ ត្រង់បន្ទាត់ខ្សែស្របទី៣៨ តាំងពីជាង៦០ឆ្នាំ គឺជាតំបន់ទ្រនាប់ ជាចំការមីន រនាំងរថពាសដែក មានប៉ុស្តិទាហានយាម ឬជាចំរឹងដែក ព័ទ្ធលួស … នៅកណ្តាលតំបន់គ្មានកងទ័ព មានបន្ទាត់ខណ្ឌចែកប្រទេសទាំងពីរ ដែលជាព្រំដែនពិតកាតចែកប្រទេសទាំងពីរ មានទីស្នាក់ការអង្គការសហប្រជាជាតិ អាគារខៀវៗ ដែលជាគណៈកម្មការយោធាទទួលបន្ទុកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ និងសម្រាប់ទទួលឱ្យទាហានទាំងពីរភាគីចរចាគ្នា។ ខាងត្បូងបន្ទាត់ព្រំដែនខាងកូរ៉េខាងត្បូងមានផ្ទះសេរីភាព។ នៅខាងជើង គឺមានសំណង់បែបរចនាបទសូវៀតPanmungak ជាបន្ទាយទាហាន ។
ដោយសារតែមិនទាន់មានសន្ធិសញ្ញាសន្តិភាពពេញលេញបទឈប់បាញ់អាចត្រូវបំផ្លាញគ្រប់ពេលវេលាដូចជាថ្ងៃទី២០ខែសីហាកន្លងមក កូរ៉េទាំងពីរបានបាញ់កាំភ្លើងធំចូលក្នុងទឹកដីគ្នាទៅវិញទៅមក។ ចំណុចទាំងនោះហើយបានធ្វើឲ្យកូរ៉េខាងជើងដាក់កម្លាំងទាហានជាច្រើននៅតាមព្រំដែន។បច្ចុប្បន្នកូរ៉េខាងជើង មូលផ្តុំកម្លាំងទ័ពប្រមាណ១,២ លាននាក់ ឯកូរ៉េខាងត្បូងមានកម្លាំងទ័ព៦៥៥០០០នាក់ បូកបន្ថែមនឹងកម្លាំងទ័ពជំនួយអាមេរិក ២៨០០០នាក់។ សូម្បីតែនៅតំបន់ស គ្មានកងទ័ព ក៏មានទាហានជាច្រើននៅទីនោះដែរមិនដឹងពីចំនួនទាហានពិត ព្រោះជាការសម្ងាត់យោធា។ សេអ៊ូលបញ្ចេញតែតួលេខទេសចរធ្វើដំណើរទៅទស្សនាតំបន់នោះថាមានដល់ទៅ ១សែននាក់ក្នុងមួយឆ្នាំៗ។ អ្នកជំនាញប៉ាន់ស្មានថា ភាគីម្ខាងផ្តុំកម្លាំងឈរជើងប្រមាណពី ៦០ទៅ៧០% តាមបណ្តោយព្រំដែន ។
ដោយមានការត្រៀមលក្ខណះខ្ពស់ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានលួចជីករូងក្រោមដី នៅតំបន់គ្មានកងទ័ព ដើម្បីសម្រុកចូលទៅកូរ៉េខាងត្បូងបានពេលមានសង្គ្រាមជាទ្រង់ទ្រាយធំ។ រូងដីដែលគេស្គាល់ច្បាស់ជាងគេគឺរូងជម្រៅ៧៣ម៉ែត្រ ក្រោមដី នៅខាងត្បូងអាគារការិយាល័យអង្គការសហប្រជាជាតិតែម្តង។ រកឃើញនៅឆ្នាំ១៩៧៨ រូង ដែលមានប្រវែង១,៧គីឡូម៉ែត្រ កម្ពស់និងទទឹងពីរម៉ែត្រ អាចបញ្ជូនទាហានបាន៣ម៉ឺុននាក់ឆ្លងកាត់ក្នុងម៉ោងៗ ទំនងជាធ្វើឡើងសម្រាប់វាយឆ្មក់លើក្រុងសេអ៊ូលដែលស្ថិតនៅចម្ងាយប្រមាណតែ៥០គីឡូម៉ែត្រពីតំបន់គ្មានកងទ័ព ។
ការប៉ះទង្គិចគ្នានៅខែសីហាឆ្នាំ២០១៥នេះធ្វើឲ្យគេនឹកឃើញដល់ការវាយប្រហារកាលពីខែសីហាឆ្នាំ១៩៧៦ ពេលនោះកងទ័ពអាមេរិកនិងកូរ៉េខាងត្បូងបានកាប់ដើមឈើរនៅតំបន់ស តែត្រូវកម្លាំងទាហានកូរ៉េខាងជើងជំទាស់ធ្វើឲ្យមានការវាយប្រហារគ្នាកើតឡើង។ ដើមឈើដែលកាប់នោះត្រូវបានដាំដោយអតីតមេដឹកនាំដែលជាអ្នកបង្កើតកូរ៉េខាងជើងលោកគីមអ៊ីលស៊ុង។ ទាំងនោះហើយបានធ្វើឲ្យកម្លាំងទាហានកូរ៉េខាងជើងមិនអាចអត់ទ្រាំបានក៏វាយប្រហារបណ្តាលឲ្យមានទាហានសម្លាប់ជាច្រើនក្នុងនោះមានទាំងមេទ័ពអាមេរិកផងដែរ ។
ក្រោយមកថ្វីបើគ្មានប្រយុទ្ធគ្នាផ្ទាល់ជាទ្រង់ទ្រាយធំដូចឆ្នាំ ១៩៧៦មែនប៉ុន្តែការបាញ់រះ តូចតាចតែកើតមានជារឿយៗ រដ្ឋាភិបាលក្រុងសេអ៊ូលមិនទទួលខុសត្រូវទេបើទេសចរនិងពលរដ្ឋធ្វើដំណើរទៅតំបន់គ្មាន កងទ័ពនេះ និងមិនគោរពតាមវិន័យដ៏តឹងរ៉ឹងរបស់ទាហានអ្នកឈរជើងប្រចាំការនៅ ទីនោះ ។
ការវាយប្រហារគ្នាដោយផ្ទាល់ចុងក្រោយ ប្រឆាំងនឹងកូរ៉េខាងត្បូង គឺនៅខែធ្នូ ២០១០ ក្រោយពីព្យុងយ៉ាងបានទម្លាក់គ្រាប់លើកោះយ៉ុងព្យុនដើម្បីប្រឆាំងនឹង សមយុទ្ធរបស់សេអ៊ូលនៅតាមព្រំដែន។ ការទម្លាក់គ្រាប់ដែលបានសម្លាប់ជីវិតទាហានកូរ៉េខាងត្បូងពីរនាក់ និងស៊ីុវិល២នាក់។ ការ សេអ៊ូលបានផ្លោងគ្រាប់ទៅលើទីតាំងកូរ៉េខាងជើងវិញ ដែលគ្រប់គ្នាព្រួយខ្លាចរាលដាលជាជម្លោះធំ ។
នៅថ្ងៃនេះ កូរ៉េខាងត្បូងបានប្រកាសថានឹងធ្វើការសងសឹក ឱ្យសក្តិសម តបទៅនឹងទង្វើរបស់កូរ៉េខាងជើង ដែលរំលោភបទឈប់បាញ់ ដោយចេញបញ្ជាឱ្យទាហានតាមព្រំដែនធ្វើសង្គ្រាមមនោគមវិជ្ជា បើកមីក្រូឃោសនាប្រឆាំងនឹងឥរិយាបថរបស់កូរ៉េខាងជើង។ សង្គ្រាមឃោសនាតាមឧឃោសនាស័ព្ទ ដែលសេអ៊ូលបញ្ឈប់សកម្មភាពអស់១១ឆ្នាំហើយទំនងជានឹងធ្វើឱ្យព្យុងយ៉ាងខឹងសម្បារកាន់តែខ្លាំង និងគ្រប់គ្រងលែងបាននោះ ឡើយ ។
បន្ទាប់ពីមានទាហានកូរ៉េខាងត្បូងពីរនាក់ស្លាប់ដោយគ្រាប់មីនមក ក្រុងសេអ៊ូលក៏បានសងសឹកតបវិញដោយបានផ្តើមយុទ្ធនាការឃោសនាជាថ្មី តាមប្រដាប់បំពងសំឡេងនៅតាមបណ្តោយព្រំដែនជាមួយក្រុងព្យុងយ៉ាង។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា ប្រដាប់បំពងសំឡេងនៅតាមព្រំដែននឹងចាប់ដំណើរជាលើកទី១ ក្រោយពីបានផ្អាកអស់រយៈពេល ១១ឆ្នំាមក និងថា ខ្លឹមសារនៃសំឡេងឃោសនានោះគឺបំបាក់ស្មារតីទាហានកូរ៉េខាងជើងតាមរយះសកម្មភាពសប្បាយនានាសិទ្ធិសេរីភាពនិងព្រិត្តិការពិភពលោកសំខាន់ៗដែលពលរដ្ឋកូរ៉េខាងជើងមិនដែលបានដឹងឡើយពីមុនមក ៕
ប្រែសម្រួល៖ ម៉ែវ សាធី