ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលអនុវត្តដីកានាំខ្លួនបុរសម្នាក់ទៅកាន់សាលាដំបូង ខេត្តកណ្តាល ពីបទរំលោភសេពសន្ថវៈ បន្ទាប់ពីឃាត់ខ្លួនបានកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ នៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនបុរសខាងលើនេះ អនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៥៨៤ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ របស់លោក គឺម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅភូមិឡាំងប៉ក់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ ។
ជនសង្ស័យមានឈ្មោះ ផុន ដាណែត ហៅឈិន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងផ្សាដែក បច្ចុប្បន្នស្នាក់នៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា កាលពីអំឡុងខែមេសា ឆ្នាំ២០១៣ ជនសង្ស័យឈ្មោះ ផុន ដាណែត ហៅឈិន បានបបួលនារីម្នាក់ធ្វើដំណើរពីស្រុកខ្សាច់កណ្តាលឆ្ពោះទៅភ្នំពេញ ។ ពេលទៅដល់ភ្នំពេញ ជនសង្ស័យបានល្បួងនារីម្នាក់នោះបន្តដំណើរទៅកាន់ខេត្តកោះកុង ខណៈទៅដល់ខេត្តកោះកុងហើយ នោះជនសង្ស័យបានចាប់នារីរងគ្រោះរំលោភសេពសន្ថវៈ រហូតបានសម្រេច២លើកក្នុងរយៈពេលមួយ ។ ក្រោយមកទើបជនសង្ស័យ ជូននារីរងគ្រោះត្រឡប់ទៅកាន់លំនៅឋានវិញ ហើយក្រុមគ្រួសារក៏បាន នាំនាងទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលយុត្តិធម៌ស្រុកខ្សាច់កណ្តាល ។
មន្ត្រីនគរបាលយុត្តិធម៌ស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួចមក សមត្ថកិច្ចនគរបាលបានធ្វើលិខិតកោះហៅឈ្មោះ ផុន ដាណែត ហៅឈិន ឲ្យចូលខ្លួនទៅបំភ្លឺជុំវិញបណ្តឹងពីបទរំលោភសេពសន្ថវៈដែរ តែឈ្មោះនេះ មិនព្រមចូលខ្លួនទៅបំភ្លឺ ទើបសមត្ថកិច្ចនគរបាលជំនាញកសាងសំណុំរឿង និងសាវតាជាតិរបស់ជនសង្ស័យ បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលរហូតឈានដល់មានដីកាបង្គាប់ឲ្យនាំខ្លួនតែម្តង ៕
ដោយ៖ ស្អាងជ័យ