ភ្នំពេញ៖ ក្រុមក្មេងទំនើង២ក្រុម មានគ្នាប្រមាណជាជិត១០នាក់ បានជិះម៉ូតូ៣ទៅ៤គ្រឿង ប្រដេញគ្នានៅតាមផ្លូវសាធារណៈក្នុងល្បឿនយ៉ាងលឿនបង្កការភ្ញាក់ផ្អើល ទាំងក្នុងស្ថានភាពស្រវឹងស្រាជោកជាំ និងនាំគ្នាជិះម៉ូតូបញ្ច្រាស ទិសចរាចរណ៍ផងនោះ បានគៀររថយន្តស៊ីអវីបណ្តាលអោយបែកកញ្ចក់ និងកោសថ្នាំពីចំហៀងរងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៥ នៅចំណុចមុខវិទ្យាល័យព្រះស៊ីសុវត្ថិ តាមបណ្តោយផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់បឹងរ៉ាំង ខណ្ឌដូនពេញ ។
តាមប្រភពពត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត ស៊ីអវី ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2E-0909 បើកបរដោយបុរសជនជាតិវៀតណាមបើកតាមបណ្តោយផ្លូវលេខ៥១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានក្មេងទំនើង២ក្រុមជិះម៉ូតូ៣ទៅ៤គ្រឿងមានគ្នាទាំងប្រុសទាំងស្រីប្រមាណ១០នាក់ បានជិះប្រដេញគ្នា តាមផ្លូវសាធារណៈក្នុងល្បឿនយ៉ាងលឿន បង្កការភ្ញាក់ផ្អើលនិជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍ពេលមកដល់ចំណុចកើតហេតុបានជ្រុលទៅគៀររថយន្តស៊ីអវីបែកកញ្ចក់ និងកោសថ្នាំពីជំហៀងរថយន្តរងការខូចខាត ហើយពួកគេក៏បានដួលម៉ូតូរងរបួសបន្តិចបន្តួច ។
ប្រភពបន្តថា ក្រោយមកភាគីខាងជនបង្កមានគ្នីគ្នាច្រើន បាននាំគ្នាស្រែកសំឡុតអ្នកបើកបររថយន្ត ដោយមិនព្រមទទួលខុសត្រូវរហូតបង្កការភ្ញាក់ផ្អើលដល់ អ្នកដំណើរនាំគ្នាចោមរោមមើល ។ បន្ទាប់ពីធ្វើការចចាគ្នាបានមួយស្រមកពួកគេក៏បានចេញសងនូវថ្លៃ ខូចខាតរថយន្តចំនួន៦ម៉ឺនរៀល ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តនិងនាំឱ្យអ្នកដំណើរជាច្រើននាក់ខឹងសម្បារ និងក្រុមក្មេងទំនើងទាំងនោះ គឺដោយសារតែមាននារីម្នាក់បានគប់លុយទៅឱ្យម្ចាស់រថយន្ត និងថែមទាំង បានយកម្រាមជើងគៀបលុយ ហាក់ដូចជាមើលងាយដល់លុយរៀល និងម្ចាស់រថយន្តដែលជាមនុស្សចាស់ ។ ដោយមើលឃើញពីកាយវិការឈ្លើយដូច្នេះនាំឱ្យម្ចាស់រថយន្តមិនព្រមយកលុយនោះ និងអ្នកដំណើរនាំគ្នារិះគន់យ៉ាងខ្លាំង រហូតមានការប្រតាយប្រតប់ដើម្បីឃាត់នារីទំនើងម្នាក់នោះឱ្យសមត្ថកិច្ច ប៉ុន្តែត្រូវបាននាងរត់គេខ្លួនបាត់ ។
ក្រោយមកសមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ ហើយម្ចាស់ម៉ូតូបានសុំអង្វរម្ចាស់រថយន្ត ដោយសារតែគេនិងនារីម្នាក់នោះជាមនុស្សទើបតែស្គាល់គ្នា ក៏បានចេញសងនូវថ្លៃខូចខាតចំនួន៤៥ដុល្លារ បញ្ចប់រឿង ចំណែកម្ចាស់រថយន្តដែលជាអ្នករងគ្រោះក៏ព្រមទទួលព្រោះមិនចង់មានរឿងវែង ឆ្ងាយរំខានដល់សមត្ថកិច្ច ៕
ដោយ៖ ព្រែកជ័យ