ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យគ្រឿងញៀនចំនួន២នាក់ ក្នុងនោះមានម្នាក់ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ៣លើកមកហើយ បានមកបន្តធ្វើសកម្មភាពជួញដូរថ្នាំញៀនខុសច្បាប់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យចេញប្រតិបត្តិការបង្ក្រាបចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១និង១០ទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងភូមិសាស្ត្រសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។
កម្លាំងអាវុធបង្ក្រាបជនសង្ស័យសមត្ថកិច្ចឆែកឆេរដកហូតបានថ្នាំញៀន មេតំហ្វេតាមីនទឹកកចំនួន១កូនថង់ស្មើនិង១.៥១ក្រាម និងថ្នាំញៀនមេតំហ្វេតាមីនWY ចំនួន២៥២គ្រាប់ និងដកហូតមធ្យោបាយម៉ូតូ១គ្រឿងសម្រាប់ធ្វើសកម្មភាពផងដែរ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ ១,ប៊ុន ស៊ីណាត ភេទប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្ត ជននេះធ្លាប់ជាប់ពន្ធនាគារ៣លើកមកហើយជាប់ពាក់ព័ន្ធនិងប្រព្រឹត្តបទល្មើសគ្រឿងញៀននិង២,ឈ្មោះ រិន តៃ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរងំបិល សង្កាត់អូរងំបិល ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជា្កការរងកងរាជអាវុធហត្ថខេត្តទទួលបន្ទុកការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា កម្លាំងអាវុធហត្ថបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យដោយមានការតាមដានស្រាវជ្រាវស៊ើបអង្កេតយ៉ាងម៉ឺម៉ាត់ ជាពិសេសទៅលើមុខសញ្ញាចេញពីពន្ធនាគារឈ្មោះ ប៊ុន ស៊ីណាត ដែលជាមុខសញ្ញានៅតបន្តធ្វើសកម្មភាពជួញដូរថ្នាំញៀនខុសច្បាប់។ ទន្ទឹមនោះសមត្ថកិច្ចបានឃើញពួកគេធ្វើសកម្មភាពជួញដូរថ្នាំញៀនខុសច្បាប់ជាក់ស្តែងសមត្ថកិច្ចឈានដល់ការបង្ក្រាបបានពួកគេទាំង២នាក់តែម្តង។
លោកមេបញ្ជាការរងបានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ចពួកគេមិនឆ្លើយសារភាព នោះឡើយ ក៏ប៉ុន្តែផ្អែកតាមការបង្ក្រាបដកហូតវត្ថុតាងថ្នាំញៀនជាក់ស្តែង សម្រាប់ដាក់បន្ទុក សមត្ថកិច្ចបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សំ វិច្ឆិកា