អូស្ត្រាលីបានអះអាងថា បានឃុំខ្លួនពលរដ្ឋអាមេរិកម្នាក់ ជាសកម្មជនប្រឆាំងការរំលូតកូន ដែលប៉ុនប៉ងចូលមកប្រទេសអូស្ត្រាលីដោយពុំមានទិដ្ឋាការស្របច្បាប់ត្រឹមត្រូវកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ ។ ការឃុំខ្លួននេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការអនុញ្ញាតឲ្យរូបគេធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលីដើម្បីពិភាក្សាការងារមួយចំនួននោះអស់សុពលភាព ។
លោកស្រី Petter Dutton អ្នកនាំពាក្យក្រសួងអន្តោប្រវេសន៍អូស្ត្រាលីបានថ្លែងថា បុរសឈ្មោះ Troy Newman សកម្មជនប្រឆាំងការរំលូតកូនត្រូវបានចាប់ខ្លួនខណៈកំពុងស្ថិតនៅអាកាសយានដ្ឋានទីក្រុង Melbourne ក្រោយពីការហោះហើរមកពីអាមេរិក ។ លោកស្រីបន្តថា បុរសម្នាក់នេះមិនបានកាន់ទិដ្ឋាការស្របច្បាប់ត្រឹមត្រូវក្នុងការចូលមកទឹកដីអូស្ត្រាលីនោះឡើយ ។ យន្តហោះដែលដឹកអ្នកដំណើរគ្មានទិដ្ឋការត្រឹមត្រូវចូលមកទឹកដីអូស្ត្រាលីប្រឈមនឹងការផាកពិន័យផងដែរ ។
ជនជាតិអាមេរិកដែលជាសកម្មជនប្រឆាំងការរំលូតកូនឈ្មោះ Newman នេះមានគម្រោងឡើងថ្លែងសុន្ទរកថានៅក្នុងសិក្ខាសាលាមួយក្នុងប្រទេសអូស្ត្រាលីដែលរៀបចំឡើងដោយអអ្គការសិទ្ធិ និងជីវិតអូស្ត្រាលី ។ ប៉ុន្តែទោះបីយ៉ាងណា ទិដ្ឋាការរបស់ជនជាតិអាមេរិកម្នាក់នេះទើបតែផុតកំណត់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥តែប៉ុណ្ណោះ ។
នៅលើគណនីហ្វេសប៊ុករបស់ខ្លួន លោក Newman បានរិះគន់សកម្មភាពរបស់រដ្ឋាភិបាលអូស្ត្រាលី និងបានអះអាងថា ខ្លួននៅតែធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី បើទោះបីបដិសេធផ្តល់ទិដ្ឋាការយ៉ាងណាក៏ដោយ។
លោក Newman បានអះអាងថា ការបដិសេធផ្តល់ទិដ្ឋាការដល់រូបលោក គឺគេផ្តោតទៅលើការរាយការណ៍កុហក រួមជាមួយគំនិតដែលថា លោកជាមនុស្សនាំឲ្យមានអំពើហិង្សាថែមទៀតផង ។ ក្នុងប្រវត្តិការងារដោយសន្តិភាពរបស់លោករយៈពេល២៥ឆ្នាំកន្លងមកហើយ លោកមិនបានធ្វើដូចអ្វីដែលគេបានលើកឡើងនោះទេ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត