ភ្នំពេញ ៖ អ្នកនាងចន ច័ន្ទលក្ខិណាដែលជាប្រធានសមាគមមិត្តសិល្បៈជួយសង្គម បានឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីជាមួយនឹងលោក កុយ ស៊ីឌឿន ប្រធានក្លឹបសិល្បៈ ឌីភី និងលោក អៀង ស៊ីធុល សិល្បករជើងចាស់ និងជាអតីតប្រធានសមាគមសិល្បករខ្មែរកាលពីអាណត្តិទី១។កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ខែកក្កដានេះនៅភោជនីយដ្ឋានស្ទឹងមាសនៅផ្លូវជាតិលេខ៦Aព្រែកលាភ ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
សមាគមន៍សិល្បករខ្មែរនឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានថ្មីក្នុងអាណត្តិទី៥របស់ខ្លួនដែលអ្នកឈរឈ្មោះឲ្យគេបោះឆ្នោតមានចំនួនបីរូបដែលក្នុងនោះ អាចកាន់តំណែងបន្ទាប់ពីលោកសុះម៉ាចគឺអ្នកនាងចនច័ន្ទលក្ខិណាបន្ទាប់នាងទទួលបានសំឡេងបោះឆ្នោតច្រើនលើសសប់។
អ្នកនាង ចន ច័ន្ទលក្ខិណា បានកា្លយជាប្រធានសមាគមសិល្បករខ្មែរសម្រាប់អាណត្តិទី៥នេះគ្រាដែលប្រធានសមាគមគឺលោកសុះម៉ាចបានកាន់ការងារជាប្រធានអស់រយៈពេល៦ឆ្នាំស្មើនឹង២អាណត្តិរួចមក។អ្នកនាង ចនច័ន្ទលក្ខិណានឹងអាចច្របាច់បញ្ចូលសមាជិកសមាគមនាងជាមួយនឹងសមាគមសិល្បករខ្មែរហើយសិល្បករជាច្រើនក៏មានក្តីរំពឹងដែរថា តារាស្រីរូបនេះអាចធ្វើឲ្យដំណើរការសមាគមឲ្យមានសកម្មភាពកាន់តែខ្លាំងជាងមុន។
គួរបញ្ជាក់ដែរថាអ្នកនាងចនច័ន្ទលក្ខិណាដែលក្លាយទៅជាប្រធានសមាគមមិត្តសិល្បៈស្មគ្រ័ចិត្តជួយសង្គមក្រោមការជ្រោមជ្រែងពីគូស្នេហ៍ថ្មីលោកហេងឡុងហៅរ័ត្ននោះក៏បានធ្វើកម្មវិធី“កតញ្ញូរាត្រី”ជាលើកដំបូងនៅសណ្ឋាគារសុខាភ្នំពេញកាលពីដើមខែមេសាឆ្នាំ២០១៧។មានសប្បុរសជនមន្ត្រីធំៗឧកញ៉ាៗផ្តល់ការឧបត្ថម្ភទឹកប្រាក់សរុបដល់ទៅជាង២៧ម៉ឺនដុល្លារអាមេរិកក្នុងនោះមានសម្តេចតេជោ ហ៊ុនសែនឧបត្ថម្ភ៥ម៉ឺនដុល្លារអាមេរិកជារៀងរាល់ឆ្នាំលោកឧកញ៉ាហុងពីវឧបត្ថម្ភ៥ម៉ឺនដុល្លារសម្រាប់៥ឆ្នាំនិងឧកញ៉ាៗមួយចំនួនទៀត៕ វឌ្ឍនា