ភ្នំពេញ៖ តាមច្បាប់ទោសពៃនៅក្នុងការធ្វើច្បាប់ផ្តន្ទាទោសទៅលើអ្នកផលិតឱសថក្លែងក្លាយគឺថា វាមាន ទម្ងន់សមរម្យដែលយើងអាចទទួលយកបានគឺថា ធ្វើម៉េច យើងត្រូវដាក់ទោសទៅលើអ្នកលក់ និង អ្នកដែលនាំចូលថ្នាំក្លែងក្លាយ។
ដោយឡែកខាងថ្នាំពេទ្យនេះ បើយោងតាមមាត្រា១២ថ្មីនៃច្បាប់ស្តី អំពីការគ្រប់គ្រងឱសថនោះ គឺលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដាក់ទោសពី៥ទៅ១០ឆ្នាំ និងផាក់ពិន័យជាប្រាក់ពី២០ទៅ៣០លានរៀល អាស្រ័យទៅលើចំនួនបរិមាណ។ នេះគឺជាប្រសាសន៍ លើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌លោក អង្គ វង្ស វឌ្ឍានា នៅក្នុងពិធីដុតកម្ទេចឱសថក្លែងក្លាយចំ នួន៥៤ការ៉ុង កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ នៅកន្លែងឡរំលាយឱសថ ស្ថិតនៅក្បែរទី លានចាក់សំរាម ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក អង្គវង្ស វឌ្ឍានា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវស្វែងយល់ឲ្យបាន ច្បាស់អំពីឱសថក្លែងក្លាយ ហើយក៏បានស្នើសុំឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសនគរបាលយុតិ្តធម៌ជួយទប់ស្កាត់កុំឱសថក្លែងក្លាយនៅលើទីផ្សារក្នុងប្រទេសកម្ពុជាយើងទៀត។ លោករដ្ឋមន្ត្រី ក៏បានពន្យល់ដោយបានសង្កត់ធ្ងន់ថា តាមធម្មតាបងប្អូនប្រជាពលរដ្ឋសង្កេតឃើញថា ភាគ ច្រើនគាត់ទៅទិញថ្នាំមិនសូវមានវិជ្ជបញ្ជាពីគ្រូពេទ្យនោះទេ គាត់គ្រាន់ទៅដល់កន្លែងលក់ថ្នាំប្រាប់ ថាឈឺនេះឈឺនោះ ហើយអ្នកលក់ថ្នាំក៏ឲ្យថ្នាំលេបច្រើនគ្រាប់ ជួនលេបទៅក៏ជាសះស្បើយ ជួនក៏អត់ជានេះជាបញ្ហាមួយ ។ លោករដ្ឋមន្ត្រីមន្តថា ករណីនេះ មិនមែនគ្រាន់តែនាំគ្នាបំបាត់នោះទេគឺ នាំគ្នាអប់រំដល់ប្រជាពលរដ្ឋរបស់យើងឲ្យគាត់យល់ពីប្រសិទ្ធភាពនៃឱសថ។ ហេតុ ដូច្នេះត្រូវចៀសវាងការប្រើប្រាស់ឱសថហួសកាលបរិច្ឆេទ(ហួសដឺឡេ) ឬក្លែងក្លាយ ត្រូវ ពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។ លោករដ្ឋមន្ត្រីក៏បានលើកឡើងបន្ថែមថា កន្លងទៅនៅតាមបណ្តាខេត្តខ្លះបានរងគ្រោះបណ្តាលឲ្យបាត់បង់អាយុជីវិតដោយមានគ្រូពេទ្យខ្លះ គាត់ផ្សំថ្នាំ ហើយគាត់អះអាងថាគាត់ជាពេទ្យ។ ត្រង់ចំណុចនេះត្រូវពន្យល់ដល់ពលរដ្ឋឲ្យគាត់យល់ និងចៀងវាងក្នុងភាពហានីភ័យនៃថ្នាំនេះ។
លោក មៀជ សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក៏ បានថ្លែងឲ្យដឹងបន្ថែមថា ឱសថក្លែងក្លាយទាំងនេះគឺជាស្នាដៃបង្ក្រាបដោយបានសហការគ្នារវាង កម្លាំងសមត្ថកិច្ចរបស់ខេត្តបន្ទាយមានជ័យ ស្ថាប័នក្រសួងយុតិ្តធម៌ក៏ដូចជាស្ថាប័នសុខាភិបាល និងស្ថាប័ពាក់ព័ន្ធនៅទីនោះ ហើយក៏បានរឹបអូសនូវឱសថទាំងនេះ ដែលបាននាំចូលមកប្រទេសកម្ពុជា ដោយគ្មានអាជ្ញាប័ណ្ណ និងគ្មានលិខិតអនុញ្ញាត រឹបអូសនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១១ ហើយស្ថាប័នតុលាការក៏កំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តដើម្បីនាំខ្លួនមកផ្តន្ទាទោសទៅតាមច្បាប់។ នេះជាសក្ខីកម្មថ្មីមួយទៀតដែលបានយកចិត្តទុកដាក់របស់រាជរដ្ឋាភិ បាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់ផងដែរ ដែលបានអនុវត្តនូវគោលនយោបាយក្នុងការលើក តម្កើងការពារសុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ពិធីដុតកម្ទេចឱសថក្លែងក្លាយ៥៤ការ៉ុងស្មើនឹង១៩៦៧២គីឡូក្រាម បានប្រ ព្រឹត្តធ្វើឡើងក្រោមអធិបតីភាពលោក អង្គ វស្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ នៅឡរំលាយឧិសថ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ៕
ដោយ៖ តាឡឹម