ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃចន្ទ ទី០៨ រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងភរិយា ដោយមានការចូលរួមពីសំណាក់សមាជិកសមាជិកា ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាល មន្ត្រីរាជការសាលាខណ្ឌ និងសង្កាត់ បានចូលរួមកាន់បិណ្ឌវេណទី៨ នៅវត្តធុតង្គចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានថ្លែងអំពីប្រពៃណីរបស់ខ្មែរយើងដែលត្រូវបានប្រជាពលរដ្ឋខ្មែរថែរក្សាទុកតាំងពីបុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសលជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោកទៅហើយ ដើម្បីទទួលបានសេចក្តីសុខ សីរីសួស្តី សម្រាប់ការរស់នៅ ប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ។ ។ ជាមួយនឹងការធ្វើបុណ្យប្រពៃណីនេះ ក៏ជាការបង្ហាញអំពីការរីកចម្រើន របស់ប្រទេសជាតិ ទាំងលើវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ និងគ្រួសារ បាននាំយកនូវថវិកា និងសម្ភារៈ ដើម្បីចូលរួមកាន់បិណ្ឌវេណទី៨ រួមមាន៖ អង្ករ ០៦បាវ មី ០៧កេស ទឹកក្រូច០៨កេស ទឹកសុទ្ធ០៦កេស ផ្លែឈើ០២កន្ត្រក បច្ច័យរៀបជើងបិណ្ឌ ១លានរៀល បច្ច័យកសាង ១លានរៀល ប្រគេនព្រះចៅអធិការ ២ម៉ឺនរៀល និងព្រះសង្ឃ ១៣អង្គ ក្នុងមួយអង្គ ១ម៉ឺនរៀល ៕
...
ដោយ៖ ភារ៉ា ដង្កោ