ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវគូជម្លោះស្ទាក់ចាក់សម្លាប់នៅតាមផ្លូវយ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ នៅចំណុចព្រៃគោកខ្មោច ខាងកើតភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងពេលដែលជនរងគ្រោះត្រឡប់មកពីមើលគេរាំងធុងបាស់វិញ ។
ជនរងគ្រោះដែលត្រូវគេចាក់សម្លាប់នេះឈ្មោះ សែម ណេត អាយុ៣០ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។ ជនរងគ្រោះត្រូវជនដៃដល់ចាក់នឹងកាំបិតចុងស្រួច បណ្តាលអោយរងបួសជាច្រើនកន្លែង នៅត្រង់ដើមទ្រូង ខ្នង និងចង្កា ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ឈ្មោះសម្បត្តិ ភី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំជាមួយជនរងគ្រោះ។ រីឯជនសង្ស័យម្នាក់ទៀត ដែលបានរត់គេចខ្លួនឈ្មោះ មាន តាក់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិរការទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ សម្បតិ្ត ភី បានឆ្លើយសារភាពថា រូបគេគ្រាន់តែជាអ្នកដឹកជនដៃដល់ឈ្មោះមាន តាក់តែប៉ុណ្ណោះ មិនបានចូលរួមធ្វើសកម្មភាពឡើយហើយចំពោះមូលហេតុនៃការចាក់សម្លាប់គ្នានេះ គឺដោយសារមានជម្លោះជាមួយគ្នានៅកន្លែងរាំធុងបាស់ ៕
...
ដោយ៖ ចន្ថា