លោកស្រី អ៊ុងសាន ស៊ូជី ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅតំបន់ភាគខាងជើង ដែលជាទឹកដីកាន់កាប់របស់ពួកឧទ្ទាមទ័ពព្រៃ។ នៅរដ្ឋកាឈីន ដែលស្ថិតនៅចន្លោះ ប្រទេសឥណ្ឌា និងចិន និងសំប្បូររស់នៅ ដោយជនជាតិភាគតិច លោកស្រី ជ័យលាភីណូបែលសន្តិភាពរបស់ភូមា ផ្សព្វផ្សាយឃោសនាឲ្យគេបោះឆ្នោតឲ្យគណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី ដើម្បីធ្វើការផ្លាស់ប្តូរ ក្នុងប្រទេសភូមា។
នៅរដ្ឋកាឈីន ទឹកដីភាគខាងជើងរបស់ភូមា ដែលកាន់កាប់ ដោយពួកឧទ្ទាមទ័ពព្រៃ លោកស្រីអ៊ុងសាន ស៊ូជីកំពុងចែចង់ អូសទាញជនជាតិភាគតិច ឲ្យបោះឆ្នោត គាំទ្រ គណបក្សលោកស្រី នៅក្នុងការបោះឆ្នោតជាតិ នាថ្ងៃទី ៨វិច្ឆិកា។ ក្រុមជនជាតិភាគតិច ជាក្រុមគោលដៅ សំខាន់ ដែលគណបក្សប្រឆាំងត្រូវយកចិត្តទុកដាក់ បញ្ចុះបញ្ចូលឲ្យមកគាំទ្រខ្លួន ព្រោះថានៅភូមា ក្រុមជនជាតិភាគតិច មានដល់ ១៣៥ផ្សេងៗគ្នា ស្មើនឹងចំនួន ៥១លាននាក់ ដែលតំណាងឲ្យមួយភាគបី នៃប្រជាជនភូមាសរុប។
ដោយមើលឃើញពីសារៈសំខាន់នៃការចូលរួមរបស់ជនជាតិភាគតិច នៅថ្ងៃបោះឆ្នោត រដ្ឋកាឈីន រដ្ឋស្ហាន និងរដ្ឋរបស់ជនជាតិភាគតិច សំខាន់ៗចំនួន ៥ផ្សេងទៀត បានក្លាយជាទីលានឃោសនា ប្រកួតប្រជែង របស់គណបក្សនយោបាយភូមា ដែលមួយៗ បានប្រកាសសន្យា ផ្តល់ស្វ័យភាព ការពារក្រុមជនជាតិភាគតិច ប្រសិនបើគេឈ្នះឆ្នោត ៕
ប្រែសម្រួល៖ ម៉ែវ សាធី