ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ឯកឧត្តម វង សូត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លេីកកម្ពស់វិស័យសុខុមាលភាពកុមារអោយកាន់តែប្រសេីរឡេីង ជាពិសេស ការពង្រឹងប្រព័ន្ធកិច្ចការពារកុមារអោយកាន់តែមានប្រសិទ្ធភាព ជាមួយនឹងការផ្ទេរមុខងារ និងការទទួលខុសត្រូវទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ។
ការថ្លែងបែបនេះគឺត្រូវបានធ្វេីឡេីងខណៈពេល ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជេីញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យស្តីពី ការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាល និងមុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ អោយទៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច។ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន អង្គការជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំរាជធានីខេត្ត និងមន្រ្តីរាជការសរុបប្រមាណជិត ៣០០នាក់៕
ដោយ៖ សុខ ខេមរា