លើកដែកសមត្ថកិច្ចមិនខ្ចីបង្ក្រាបខេត្ដកណ្ដាល៖ សង្វៀនបញ្ជល់មាន់ បើកលេងជាយូរណាស់មកហើយ ដែល មានទីតាំងក្នុងភូមិព្រែកតូចឃុំព្រែក ដាច់ ស្រុកលើកដែក ខេត្ដកណ្ដាល ដោយ បើកលេងយ៉ាងគគ្រឹកគគ្រេង ព្រោះបាន ទទួលភ្លើងខៀវពីសំណាក់អាជ្ញាធរ និង សមត្ថកិច្ចនគរបាលឃុបឃិតអនុញ្ញាតឱ្យបើកសង្វៀនបញ្ជល់មាន់យ៉ាងអនាធិបតេយ្យក្នុងគោលបំណងប្រមូលលុយពីវង់ល្បែងដើម្បីចង់បានផលប្រយោជន៍ ដោយមិនចំណាយដើមទុនមានតែបង្កើតល្បែងស៊ីសងខុសច្បាប់ទើបស្រួលប្រមូលប្រាក់ចំណូល ។
បើទោះបីមុខរបរមួយ នេះខុសច្បាប់ហើយប៉ះពាល់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជ រដ្ឋាភិបាលក៏អាជ្ញាធរនិងសមត្ថកិច្ចស្រុកលើកដែកមិនខ្ចីខ្វល់សំខាន់ឱ្យតែបានលុយ ចូលហោប៉ៅទើបប្រសើរ ។
សូមបញ្ជាក់ថាសង្វៀនបញ្ជល់មាន់ នៅស្រុកលើកដែកមានម្ចាស់ផ្ទះឈ្មោះ អ៊ូ បើកសង្វៀនបញ្ជល់មាន់ផង និងមាន ស្រះចិញ្ចឹមត្រីឆ្ដោផង ។ នេះសបញ្ជាក់ ឱ្យឃើញបទល្មើសមានពេញបន្ទុកជា យូរឆ្នាំមកហើយតែសមត្ថកិច្ចគេសហ ការគ្នាបានយ៉ាងរលូនតាមជំនាញរៀងៗខ្លួន ។ មានន័យថាសមត្ថកិច្ចនគរបាល ទទួលលុយប្រចាំខែពីសង្វៀនបញ្ជល់មាន់ ចំណែកឯមន្ដ្រីជំនាញជលផលទទួលលុយពីស្រះចិញ្ចឹមត្រីឆ្ដោពីម្ចាស់ផ្ទះតែមួយ ។
សព្វថ្ងៃនេះអ្នកញៀនល្បែងស្កាត់ជួបគ្នាភ្លូកទឹកភ្លូកដីធ្វើឱ្យម្ចាស់សង្វៀនបញ្ជល់មាន់កាក់កបសម្បើមណាស់ ។
ដោយសារអាជ្ញាធរនិងសមត្ថកិច្ច ស្រុកលើកដែកជាប់ពាក់ព័ន្ធបើកភ្លើង ខៀវឱ្យមានល្បែងស៊ីសងបែបនេះបាន ជាគ្មានសមត្ថកិច្ចណាហ៊ានចូលទៅរំខាន ឬបង្ក្រាបនោះទេ សុខចិត្ដសំងំស្ងៀមចាំ ទទួលលុយពីសង្វៀនបញ្ជល់មាន់គ្រប់ៗ គ្នា ។ ដោយមើលឃើញអាជ្ញាធរ និង សមត្ថកិច្ចនគរបាលស្រុកលើកដែកគ្មានចេតនាទប់ស្កាត់ល្បែងស៊ីសងបែបនេះ ធ្វើឱ្យប្រជាលរដ្ឋរិះគន់យ៉ាងខ្លាំងចាត់ទុកថា អស់លោកអាជ្ញាធរនិងសមត្ថកិច្ច កំពុងសហការគ្នាជាន់ពន្លិចនូវគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាលដោយឥតអៀនខ្មាស ។
ពាក់ព័ន្ធនឹងករណីនេះដែរ នគរវត្ដ ព្យាយាមសុំការបំភ្លឺពីលោក រស់ ចន្ថា អធិការស្រុកលើកដែកជុំវិញរឿងនេះផងដែរ តែមិនអាចទាក់ទងបាន ៕
ដោយ៖ ហេង នរិន្ទ្រ