ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ លោក ណូយ វណ្ណេត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី៩ កញ្ញា នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ ពេលនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៃខេត្តសុរិន្ទប្រទេសថៃក្រោយស្ថានភាព របួសធ្ងន់ធ្ងរ។
បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យលោក ណូយ វណ្ណេតរបួសត្រង់ផ្នែកក្បាលធ្ងន់ធ្ងរហើយអាការៈនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យ។ ប្រភពក្រុមគ្រួសារបញ្ជាក់ថាពេលនេះលោកណូយ វណ្ណេត កំពុងសម្រាកព្យាបាលនិងតាមដានជំងឺពីក្រុមគ្រូពេទ្យនៅទីនោះ ដោយមានសាច់ញ្ញាតិ និងភរិយានៅមើលថែ។
គួរបញ្ជាក់ដែរថាលោកណូយ វណ្ណេតបានជួបគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណត់បង្គោលផ្លូវ១៥១ ស្ថិតនៅម្ដុំស្រែអំបិល។ហេតុការណ៍នេះ ត្រូវបានសមត្ថកិច្ចលើកឡើងថា បណ្ដាលមកពីអ្នកបើកម៉ូតូធំ២នាក់ បានជិះបញ្ច្រាសផ្លូវគ្នាក្នុងល្បឿនលឿន ហើយបុកពេញទំហឹង មុខរថយន្តរបស់លោក ណូយ វណ្ណេត ដោយអ្នកបើកម៉ូតូទាំង២ បានប៉ើងរថយន្តតែម្ដង ហើយទីបំផុតអ្នកជិះម៉ូតូម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរបួសធ្ងន់។ លោកណូយ វណ្ណេត ក៏ត្រូវ របួសធ្ងន់ ដោយសារពិតនឹងរថយន្តដែលកំពិត និងបុកជាមួយចង្កូតរថយន្ត ដោយបណ្ដាលឲ្យលោក ឈឺក្បាល ចុកទ្រូង និងពិបាកដកដង្ហើម។ លោកអាចនឹងសម្រាកព្យាបាលជំងឺជាច្រើនថ្ងៃនៅមន្ទីរពេទ្យនៃប្រទេសថៃ ប្រសិនបើស្ថានភាពជំងឺមិនមានភាពប្រសើរឡើង៕
ដោយ៖ វឌ្ឍនា