ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ត្រូវសត្វក្របីរបស់ខ្លួនវ័ធធ្លាយពោះចេញពោះវៀនមួយទ្រេលមកក្រៅគួរឲ្យញាក់សាច់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥នៅឯវាលស្រែចម្ងាយ១គីឡូម៉ែត្រពីភូមិ ស្ថិតនៅភូមិសំរោង ឃុំជ្រៃធំ ស្រុករមាសហែក ។
បើតាមបុរសជាឪពុកបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកូនប្រុសរបស់គាត់ឈ្មោះសៅលៅ អាយុ១៤ឆ្នាំបានដេញក្របីយកទៅឃ្វាលនៅឯវាលស្រែក្រោយផ្ទះចម្ងាយប្រមាណ១គីឡូម៉ែត្រមិនដឹងយ៉ាងម៉េចស្រាប់តែក្របីញីមួយក្បាលស្ទុះមកវ័ធម្ចាស់ឯងត្រូវមួយស្នែងចំពោះធ្លាយចេញពោះវៀនមកក្រៅមួយទ្រេលក៏ត្រូវក្មេងៗទៅឃ្វាលក្របីជាមួយគ្នាស្រែករួចចូលទៅជួយរួចហៅចាស់ទុំឲ្យសែងមកភូមិហើយហៅរថយន្តសាមុយដឹកមកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះដោយរបួសធ្ងន់ធ្ងរពេកលោកគ្រូពេទ្យក៏បញ្ជូនបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញភ្លាមៗកាលពីវេលាម៉ោង១២:០០ថ្ងៃត្រង់ ។
ក្រុមគ្រួសារបានប្រាប់ឲ្យដឹងថា មិនទាន់ដឹងវាសនាកូនប្រុសរបស់គាត់យ៉ាងណាទេពីព្រោះកំពុងនៅបន្ទប់សង្គ្រោះបន្ទាន់នៅឡើយមូលហេតុបាត់បង់ឈាមច្រើននិងធ្លាយពោះវៀន ៕