ខេត្តកំពង់ស្ពឺ៖ យុវជន២នាក់ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីពួកគេយកផាវមកចងផ្អោបគ្នាហើយដុតលេងទំនងខុសបច្ចេកទេសបណ្តាលឲ្យឆេះរោលពេញខ្លួន ។
ហេតុការណ៏នេះកើតឡើងនៅនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទិ១២ ខែតុលា ឆ្នាំ២០១៥ នៅចំណុចភូមិតាពរ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះមានឈ្មោះឡយ ផានិត ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះឃីម សុខលីម ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
លោកវរសេនីយ៍ត្រីឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានអោយដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ថា ករណីនេះគឺជនរងគ្រោះបាននាំគ្នាទិញផាវមកដុតលេង ក្រោយមកក៏ចងផ្អោបចាប់គ្នាប្រុងយកទៅដុតនៅក្រៅភូមិតែពេលកំពុងជិះម៉ូតូមិនទាន់ចេញផុតពីភូមិផងនោះស្រាប់តេឈ្មោះឃីម សុខលីម ដុតផាវទាំងនោះនៅលើម៉ូតូបណ្តាលអោយផ្ទុះរងរបួសទាំង២នាក់តែម្តង។
ជនរងគ្រោះបានអោយដឹងដែរថា ពួកគេបាននាំគ្នាទៅទិញផាវ គ្រាប់បែកនៅផ្សារថ្នល់ទទឹងយកមកដុតលេងនៅក្នុងភូមិជាធម្មតា ក្រោយមកក៏បែកគំនិតយកផាវមកចងផ្អោបគ្នាយ៉ាងច្រើនហើយនាំគ្នាជិះម៉ូតូឌុបគ្នាចេញទៅក្រៅភូមិដើម្បីដុតលេងតែមិនទាន់ចេញផុតភូមិផង អ្នកជិះខាងក្រោយ ក៏ដុតនៅលើម៉ូតូបណ្តាលអោយផ្ទុះឆាបឆេះពេញខ្លួនតែម្តង ។
ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ពេលនេះអាការរបស់ជនរងគ្រោះបានធូរស្រាលហើយ ៕
ដោយ៖ សេនាស័ក្តិ