កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះ កងកម្លាំងទាហានប្រទេសអាមេរិក និងរុស្ស៊ីដែលកំពុងប្រតិបត្តិការតាមដែនអាកាសប្រទេសស៊ីរីនោះបានជួបពិភាក្សាគ្នាបន្ទាន់ ខណៈដែលយន្តហោះចម្បាំងរបស់កងទ័ពប្រទេសទាំងពីរកាន់តែកៀកខិតជិតចូលគ្នាតែប៉ុន្មានម៉ៃនោះ ។ នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រប៊ីប៊ីស៊ីកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ ។
ប្រភពបន្តថា នេះជាជំនួបលើកទី៣ហើយរវាងប្រទេសទាំងពីរស្តីអំពីបញ្ហានេះដើម្បីស្វែងរកចំណុចរួមគ្នាមួយបញ្ចៀសការប៉ះទង្គិចគ្នាបង្កជាគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ash Carter បានថ្លែងថា លោកមានក្តីសង្ឃឹមថា នឹងអាចរកដំណោះស្រាយចំពោះបញ្ហានេះនាពេលឆាប់ៗ ។ ភាគីរុស្ស៊ីក៏បានអះអាងដែរថា ខ្លួននឹងបញ្ជូនមនុស្សថ្មីដើម្បីឲ្យធ្វើកិច្ចការនេះ ។ ទោះបីយ៉ាងណាក៏ដោយ មានការលើកឡើងថា បើទោះបីមានការពិភាក្សារវាងអាមេរិក នឹងរុស្ស៊ីយ៉ាងណាក្តី ប្រតិបត្តិការយោធារបស់ប្រទេសទាំងពីរនៅលើដែនអាកាសស៊ីរី សុទ្ធតែរឿងមិនត្រឹមត្រូវទាំងអស់ ។
ប្រទេសរុស្ស៊ីបានបញ្ជាក់ថា យុទ្ធនាការរបស់ខ្លួនតាមផ្លូវអាកាសក្នុងទឹកដីស៊ីរី កើតឡើងតាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥កន្លងមកប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម IS និងក្រុមជីហាដនិយមដទៃផ្សេងទៀតនេះគឺបន្ទាប់ពីមានការស្នើសុំឲ្យមានជំនួយផ្នែកយោធាពីប្រធានាធិបតីស៊ីរី លោកបាសា អាល់អាសាដ ។
ប្រទេសលោកខាងលិច និងក្រុមសកម្មជនក្នុងប្រទេសស៊ីរីបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីបានបាញ់ប្រហារទៅលើគោលដៅដែលពុំមានក្រុមឧទ្ទាម គឺធ្លាក់ទៅលើគោលដៅជនស៊ីវិលរស់នៅ និងធ្លាក់ទៅលើក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី ។ ក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីបាននាំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងដាម៉ាកាស ប្រឆាំងចំពោះប្រតិបត្តិការតាមដែនអាកាសរបស់កម្លាំងទាហានរុស្ស៊ី កាលពីថ្ងៃទី១៣ ខែតុលា ហើយស្រាប់តែមីស៊ីលពីរគ្រាប់បានធ្លាក់ទៅលើទីតាំងនេះ ។
ពុំមានសេចក្តីរាយការណ៍ឲ្យដឹងពីគ្រោះថ្នាក់ដល់អាយុជីវិតនោះតែ ប៉ុន្តែអ្នករាយការណ៍ព័ត៌មានប៊ីប៊ីស៊ីប្រចាំនៅទីក្រុងដាម៉ាកាសរាយការណ៍ថា ការបាញ់ប្រហារនេះបណ្តាលឲ្យមនុស្សច្រើននាក់រងរបួស ៕
ប្រែសម្រួល៖ ថាច់ យ៉ាត