ភ្នំពេញ៖ កីឡាករ ឡៅ ចន្ទ្រា មកពី ក្លិបកងពលតូចទ័ពឆត្រយោងលេខ៩១១ត្រូវប្រកួតជាមួយកីឡាករថៃ ស៊ីង ពេជ្រ ណយ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ខណៈដែលកីឡាករ មាស ចាន់មាន មក ពីសមាគមក្រសួងការពារជាតិត្រូវប៉ះ ជាមួយកីឡាករថៃ រ៉េ ដា ក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាមដូចគ្នានៅលើសង្វៀន ប្រដាល់ទូរទស្សន៍អាស៊ីអាគ្នេយ៍នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៥ ។
កីឡាករ ឡៅ ចន្ទ្រា នៅតែមាន ប្រជាប្រិយភាពដដែល បើទោះបីរូបគេ ធ្លាប់ចាញ់ក្រោមកណ្ដាប់ដៃអ្នកប្រដាល់ ថៃឈ្មោះ កែវផុង ឆៃភុំ ដោយសន្លប់ក្នុង ទឹកទី២ក៏ដោយ ។ ឡៅ ចន្ទ្រា ក៏បានធ្វើ ឱ្យទស្សនិកជនមានជំនឿចិត្ដឡើងវិញ បន្ទាប់ពីវាយឈ្នះកីឡាករថៃ ភៀច ណាំ អេក កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ ដោយពិន្ទុ ។
ចំពោះកីឡាករ ស៊ីង ពេជ្រណយ ធ្លាប់មានវត្ដមាននៅសង្វៀនខាងលើ ម្ដងដោយបានវាយឈ្នះកីឡាករ ផាន់ គ្រាន់ មកពីក្លិបគជសារកីឡាដោយ ពិន្ទុកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ ។
ជំនួបប្រកួតរវាងកីឡាករ ឡៅ ចន្ទ្រា នឹងកីឡាករថៃ ស៊ីង ពេជ្រណយ អាច និយាយបានថា គឺជាជំនួបប្រកួតសង សឹកជំនួសកីឡាករ ផាន់ គ្រាន់ ប៉ុន្ដែ ទស្សនិកជននៅមិនទាន់ជឿជាក់ថា ឡៅ ចន្ទ្រា អាចផ្ដួល ស៊ីង ពេជ្រណយ បាន នោះទេ ។ នេះបើប្រៀបធៀបពីកម្រិត បច្ចេកទេសក្បាច់ប្រដាល់រវាង ឡៅ ចន្ទ្រា នឹង ផាន់ គ្រាន់ នោះ ។
ស៊ីង ពេជ្រណយ ធ្លាប់ឡើងសង្វៀន បាន៨៩ដង ឈ្នះ៧៣ដង ចាញ់១៥ដង ស្មើ១ដង រីឯកីឡាករ ឡៅ ចន្ទ្រា ធ្លាប់ ឡើងសង្វៀនបាន៦៣ដង ឈ្នះ៦០ដង ចាញ់៣ដង មិនដែលស្មើ ។
ដោយឡែកការប្រកួតរវាងកីឡាករ មាស ចាន់មាន នឹងកីឡាករថៃ រ៉េ ដា ហាក់មិនមានប្រវត្ដិជាក់លាក់ណាមួយ ដើម្បីធ្វើការកត់សម្គាល់ទៅលើកីឡាករ ថៃ រ៉េ ដា នោះទេ ប៉ុន្ដែ មាស ចាន់មាន គឺជាអ្នកប្រដាល់ជើងចាស់ និងមានបទ ពិសោធន៍មិនតិចជាង១០០ដងនៅលើ សង្វៀននោះឡើយ ។ កីឡាករ រ៉េ ដា ធ្លាប់ឡើង សង្វៀនបាន៨៩ដង ឈ្នះ៧៥ ដង ចាញ់១៤ដង និងធ្លាប់វាយឈ្នះ កីឡាករ សេក គឹមផាន មកពីក្លិបអង្គរ មានជ័យខេត្ដសៀមរាបដោយពិន្ទុ ។ រីឯ មាស ចាន់មាន ធ្លាប់ឡើងសង្វៀនបាន ១១២ដង ឈ្នះ៨៩ដង ចាញ់២៣ដង មិន ដែលស្មើប្រកួតចុងក្រោយឈ្នះកីឡាករ ថៃ ផាត ឆាំបឿង ក្នុងទឹកទី៤ ៕
ដោយ៖ សារីម