មន្ទីរបញ្ចកោណអាមេរិកបានប៉ាន់ប្រមាណថា នឹងមានពលរដ្ឋកូរ៉េខាងត្បូង ដល់ទៅ២មុឺននាក់ស្លាប់ជារៀងរាល់ថ្ងៃ បើមានសង្គ្រាមកើតឡើងនៅឧប្បទ្វីបកូរ៉េ។
បណ្តាញព័ត៌មានCNBC នៅថ្ងៃទី២៦ខែកញ្ញាបានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae in បានអនុញ្ញាត្តិឲ្យយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ អាមេរិក B-1B Lancers ហោះហើរឆ្លងកាត់តំបន់ភាគខាងជើងជិតដែនសមុទ្រកូរ៉េខាងជើង។ មេទ័ពចូលនិវត្សន៍អាមេរិក លោក Rob Givens បានផ្សាយថា បើមានសង្គ្រាមផ្ទុះឡើងនៅឧប្បទ្វីបកូរ៉េនោះ នឹងមានពលរដ្ឋកូរ៉េខាងត្បូង យ៉ាងតិច២មុឺននាក់ស្លាប់ជារឿងរាល់ថ្ងៃ។
ប្រធានាធិបតីអាមេរិកដូណាលត្រាំកាលពីសប្តាហ៍កន្លងមក បានប្រកាសថាទីក្រុងវ៉ាស៊ីនតោននិង កម្ទេចកូរ៉េខាងជើង នៅក្នុងសង្គ្រាមប្រដាប់អាវុធ ។ ប៉ុន្តែតាមអ្នកឯកទេសវិភាគមកពីក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថាសង្គ្រាមនៅកូរ៉េខាងជើង បើអាចកើតឡើងនោះគឺខុសពីសង្គ្រាមនៅក្នុងប្រទេសអុីរ៉ាក់និងអាហ្វហ្គានិស្ថាន ឬក៏សង្គ្រាមផ្តួលរំលំរបបដឹកនាំលីបីលោកហ្គាដាហ្វី។សង្គ្រាមកូរ៉េខាងជើង និងបង្ករឲ្យមានការខាតបង់យ៉ាងធំធេង ដល់ភាគីទាំងសង្ខាង។
អតីតមន្ត្រីទាហានចូលនិវត្តន៍អាមេរិកបានឲ្យដឹងទៀតថា ពលរដ្ឋកូរ៉េខាងត្បូង យ៉ាងតិច២មុឺននាក់ស្លាប់ជារៀងរាល់ថ្ងៃ មិនគិតពិពលរដ្ឋកូរ៉េខាងជើងនោះឡើយ ដែលមានប្រជាជន ប្រមាណ២៧-២៨លាននាក់។
នៅពេលនេះអ្នកឯកទេស បានបញ្ជាក់ថា ភាគរយនៃការផ្ទុះសង្គ្រាមនៅឧប្បទ្វីបកូរ៉េគឺ៥០/៥០។កាលពីថ្ងៃទី២៥ខែកញ្ញា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong ho បានចោទប្រកាន់ ប្រធានាធិបតីអាមេរិកដូណាលត្រាំថាបានប្រកាសសង្គ្រាម ជាមួយកូរ៉េខាងជើង ។ នៅពេលនេះដែរ កូរ៉េខាងជើង មានសិទ្ធ បាញ់ទម្លាក់យន្តហោះអាមេរិក នៅពេលហោះហើរចូលក្នុងដែនអាកាសកូរ៉េខាងជើង។ លោករីក៏បានប្រកាសផងដែរកូរ៉េខាងជើង អាចនឹងសាកល្បងគ្រាប់បែកបរមាណូហីត្រូសែន នៅមហាសមុទ្រប៉ាស៊ីហ្វិក នៅពេលខាងមុខ។
ពាក់ព័ន្ធនិងសង្គ្រាមពាក្យសម្តីរវាង អាមេរិកនិងកូរ៉េខាងជើង ឯកអគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ លោក Liu Jieyi បានប្រាប់កាសែតរ៉យទើថា វោហារសាស្រ្ត វាយប្រហារគ្នា ដែលកំពុងតែកើនឡើង រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក គឺមានគ្រោះថ្នាក់ជាខ្លាំង ហើយដំណោះ ស្រាយគឺមានតែមួយគត់ គឺការចរចាគ្នា។
លោក Liu បានប្រាប់រ៉យទើថា “យើងចង់ឲ្យរឿងរ៉ាវ បានស្ងប់ស្ងាត់ទៅវិញ ដោយវាកំពុងតែមានគ្រោះថ្នាក់ហួស និងមិនផ្តល់ផលប្រយោជន៍ឲ្យអ្នកណាម្នាក់នោះទេ ហើយយើងពិតជាសង្ឃឹមថា (កូរ៉េខាងជើង និងអាមេរិក) នឹងមើលឃើញថា គ្មានផ្លូវណាដទៃ ឲ្យក្រៃលែងជាការចរចាគ្នា ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែ លើឧបទ្វីបកូរ៉េ នោះឡើយ ចំណែកផ្លូវផ្សេងទៀត គឺជាមហន្តរាយ”។
សូមជម្រាបផងដែរថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ កាលពីថ្ងៃចន្ទ បានប្រាប់អ្នកកាសែតថា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រកាសសង្គ្រាមលើកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាង នឹង រក្សាសិទ្ធិចាត់វិធានការប្រឆាំង ដែលរួមទាំងការបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រអាមេរិក សូម្បីតែ មិនស្ថិតនៅក្នុងដែនអាកាសកូរ៉េខាងជើង៕